លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលពពែត ស្រុកស្វាយទាបបាញ់មនុស្សបណ្ដាលឲ្យរងរបួសធ្ងន់បាក់ភ្លៅ ដោយមិនដឹងមូលហេតុ!

ស្វាយរៀង៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ មានសេចក្ដីរាយការណ៍មកថាសមត្ថកិច្ចនៅលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលពពែតបានបាញ់បាញ់មនុស្សបណ្ដាលឲ្យរងរបួសធ្ងន់បាក់ភ្លៅ ដោយមិនដឹងមូលហេតុថាជាករណីអ្វី?
ហេតុការណ៍នេះបានកើតឡើងស្ថិតនៅភូមិកំពោតម្រះ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង  ។

ប្រភពលរដ្ឋអ្នកឃើញហេតុការបានឲ្យដឹងថាករណីឈានទៅដល់ការផ្ទុះអាវុធត្រូវជនរងគ្រោះម្នាក់របួស បាក់ភ្លៅ បណ្ដាលមកពីករណីជម្លោះរឿងជំពាក់លុយ ភាគីម្ខាងទៀតបានប្ដឹងទៅលោកមេភូមិ ដែលត្រូវជាឪពុកមារបស់ខ្លួន ជាមួយគ្នានោះលោកមេភូមិ ក៏បានរាយការណ៍បន្ត ទៅកាន់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពពែត ដើម្បីធ្វើកិច្ចអន្តរាគមន៍ ដោយផ្អែកថា ជនរងគ្រោះជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។

ក្រោយទទួលព័ត៌មានភ្លាម លោក អ៊ុន វ៉ាន់ថុល ប្រដាប់ដោយអាវុធក្នុងដៃ បានចុះមកដល់កន្លែងកើតហេតុ និងបានបាញ់ជនរងគ្រោះ បណ្ដាលឱ្យបាក់ភ្លៅតែម្ដង រួចចោទថា ជនរងគ្រោះតដៃ ។

ប្រភពបន្តថា តាមពិតទៅជនរងគ្រោះ ពុំបានតដៃជាមួយ និងលោកនាយប៉ុស្តិ៍នោះទេ ដោយការផ្ទុះអាវុធនេះ មកពីលោកនាយប៉ុស្តិ៍ ចុះប្រតិបត្តិការហើយសង្ស័យក្នុងពេលស្រវឹង បាញ់គំរាមផ្ញុកនិងដី ដើម្បីសំឡុត បែរជាត្រូវភ្លៅជនរងគ្រោះរួចក៏រកលេសដោះបន្ទុកថា មកពីជនរងគ្រោះតដៃប្រើកាំបិតបម្រុងចាក់ខ្លួនជានាយកប៉ុស្តិ៍។

អ្នកច្បាប់បានឲ្យដឹងថា៖ ករណីបង្ក្រាបបទល្មើសដែលឈានដល់ការផ្ទុះអាវុធ ជាទូទៅគឺជាបទល្មើសឧក្រិដ្ឋធ្ងន់ធ្ងរ ដែលជនល្មើសមានគ្រោះថ្នាក់ សកម្មប្រដាប់អាវុធ ឬមានបំណងតស៊ូប្រឆាំងនឹងសមត្ថកិច្ច។

បទល្មើសទាំងនេះរួមមាន៖ អំពើឃាតកម្ម, ការជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ, ការប្លន់ប្រដាប់អាវុធ, ឬសកម្មភាពភេរវកម្ម ដែលបង្កប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ។

ដើម្បីឲ្យច្បាស់ការថាជាករណីអ្វីអោយពិតប្រាកដនោះបានឈានទៅដល់ការផ្ទុះអាវុធ អង្គភាពសារព័ត៌មានបានសុំការបំភ្លឺពីលោកលោកវរសេនីយ៍ត្រី អ៊ុន វ៉ាន់ថុល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលពពែត  ដោយលោកគ្រាន់តែស្ដាប់សំណួរភ្នាក់ងារសារព័ត៌មានយើងសួរហើយលោកក៍ចុចទូរសព្ទបិទតែម្ដងដោយមិនបកស្រាយ។

ចំណែកឯលោកអនុសេនីយ៍ឯក ស៊ិន ពិសី អធិការស្រុកស្វាយទាប(ស្ដីទី) ក៏ពុំមានការបកស្រាយដែរ ដោយទូរស័ព្ទមិនអាចទំនាក់ទំនងបាន ។

ពលរដ្ឋសូមសំណូមពរដល់ថ្នាក់ដឹកនាំខេត្តស្វាយរៀង ជាពិសេសក្រសួងមហាផ្ទៃ សូមមេត្តាពិនិត្យចាត់វិធានការលើលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលពពែត  ចំពោះភាពឆេវឆាវរបស់លោក ដែលប្រើប្រាស់អាវុធ បាញ់ទាំងកម្រោល បណ្ដាលឱ្យជនរងគ្រោះបាក់ភ្លៅរួចតាំងរកលេសដោះសារ៕

Leave a Reply

Your email address will not be published. Required fields are marked *