ក្រសួងយុត្តិធម៌ បើក​សន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៥ និង​កំណត់​ទិសដៅ​ការងារជាអាទិភាពឆ្នាំ២០២៦

ភ្នំពេញ: ក្រសួងយុត្តិធម៌បានរៀបចំ “សន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៥ និង​កំណត់ ទិសដៅការងារជាអាទិភាពឆ្នាំ២០២៦” រយៈពេល ២ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ដល់​ថ្ងៃ​ទី២៦ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ។ ពិធីបើក​សន្និបាត​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិប​តី​ភាព​​ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា នៃមហាអយ្យ​ការ​អម​តុលា​ការ​កំពូល និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, ថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និង​អង្គ​ការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស, ថ្នាក់ដឹកនាំនៃ អង្គភាព​រដ្ឋ​បាលតុលាការ, ថ្នាក់ដឹកនាំអង្គភាពអាជ្ញាសាលា, តំណាងក្រឡាបញ្ជី ព្រមទាំង​តំណាង​ស្ថាប័ន​អនុវត្ត​ច្បាប់ ដែលមានការពាក់ព័ន្ធ រួមមាន អង្គភាពប្រឆាំងអំពើពុករលួយ, អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ, បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងគណៈមេធាវី​នៃ​ព្រះរាជា​ណា​ច​ក្រ​កម្ពុជា ដែលមានចំនួនសរុបប្រមាណ ៥០០ រូប។

សន្និបាតនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីបូកសរុបលទ្ធផលការងាររបស់វិស័យយុត្តិធម៌ ដែល​សម្រេច បានក្នុងឆ្នាំ២០២៥ ក៏ដូចជា ដើម្បីពិនិត្យ និងវាយតម្លៃ​អំពី​ស្ថាន​ភាព​នៃ​វិស័យ​យុត្តិធម៌, ស្វែងរកឱ្យឃើញនូវបញ្ហា ប្រឈមនៅក្នុងវិស័យនេះ ទាំងលើការអនុវត្តច្បាប់ ទាំង​លើ​ការ​បំពេញការងារនៅក្នុងវិស័យយុត្តិធម៌ ព្រមទាំងដាក់ចេញ នូវដំណោះស្រាយ និង​ទិស​ដៅ​ការ​ងារ​ជា​អាទិភាពបន្តសម្រាប់ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការ អនុវត្តច្បាប់ និង​ការ​កែ​ទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ស្របតាមគោលនយោបាយ និងទិសដៅយុទ្ធសាស្ត្រ ដូច​បាន​កំណត់​ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃ​រដ្ឋសភា និងវិធានការគន្លឹះទី៥ ដែលបានដាក់ចេញដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *