ការប្រកួតប្រកួតកីឡាបាល់ទាត់ពានរង្វាន់ក្លឹបលំដាប់ទី៣អាស៊ី (AFC Challenge League) វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅសល់មួយសប្ដាហ៍ទៀតប៉ុណ្ណោះ នឹងចូលមកដល់ហើយ។ ពេលនេះសំបុត្រចូលទស្សនា៤០០០សន្លឹកដំបូងត្រូវបានលក់អស់។

ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ បានបញ្ជាក់នៅលើផេកផ្លូវការរបស់ខ្លួនថា សំបុត្រ៤០០០សន្លឹកបានលក់អស់ហើយ បន្ទាប់ពីក្លឹបបានប្រកាសលក់កាលពីថ្ងៃអាទិត្យកន្លងមកនេះ។
ជើងឯករងពានរង្វាន់លំដាប់ទី៣ទ្វីបអាស៊ី ព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារពហុកីឡដ្ឋានមរតកតេជោ ទទួលក្លឹបបាល់ទាត់ហ្វីលីពីន ម៉ានីឡា ឌីហ្គហ្គើរ (Manila Diggers FC) ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៧និង០០នាទីយប់។
ព្រះខ័នរាជស្វាយរៀងឡើងមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកទីពីរនេះ ក្រោយឈ្នះក្លឹបរួមលីគ ភ្នំពេញក្រោន ៤ទល់នឹង១ ជើងទី១ និង២ទល់នឹង១ ជើងទី២។ ចំណែក ម៉ានីឡា ឌីហ្គហ្គើរ បានយកឈ្នះក្លឹបឥណ្ឌូណេស៊ី ដេវ៉ា យូណៃធីត (Dewa United) ១ទល់នឹង០ជើងទី១ និងស្មើគ្នា ២ទល់២ ជើងទី២។
ជើងទី២ ក្លឹបព្រះខ័នរាជស្វាយរៀង ធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន ដើម្បីប្រកួតកាត់សេចក្ដីថ្ងៃទី១៦ ខែមេសា ដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៕
