គ្រួសាររងគ្រោះព្រោះខ្យល់កន្ត្រាក់ ចំនួន ៥៤គ្រួសារ នៅមូលដ្ឋានស្រុកអូរជ្រៅ បានទទួលស័ង្កសី និងអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ កាលពីថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ ដើម្បីចូលរួមចំណែកឆ្លើយតបជាមួយគ្រោះមហន្តរាយនៅក្នុងមូលដ្ឋាន ឃុំកូប ឃុំគុត្តសត និងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលបានរងផលប៉ះពាល់ដោយសារខ្យល់កន្រ្តាក់ចំនួន ៥៤គ្រួសារ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ជាមួយលោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការ ក្រុមប្រតិបត្តិ សាខា អនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំគោលដៅ និងអ្នកស្ម័គ្រចិត្តភូមិ ព្រមទាំងសហការី បានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សាខា មានដូចជាគ្រឿងឧបភោគ បរិភោគ ទៅផ្តល់ជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ខាងលើចំនួន ៥៤គ្រួសារ នៅក្នុងមូលដ្ឋានស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

នាឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសេចក្ដីនឹករឭក និងការសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម ឌិត ទីណា ប្រធានកិត្តិយសសាខាខេត្ត និងជាពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយបងប្អូនជនប្រជាពលរដ្ឋរងគ្រោះ ដោយបាតុភូតខ្យល់កន្ត្រាក់ ដែលកំពុងជួបការលំបាកចំនួន៥៤គ្រួសារ នូវការគិតគូរយកចិត្តទុកដាក់ អំពីសុខទុក្ខប្រជាពលរដ្ឋរៀងរាល់ពេលរបស់ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ទោះជាស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ គឺស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និង “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល” ។ មិនតែប៉ុណ្ណោះ ឯកឧត្តមក៏បានសំណូមពរអោយបងប្អូនសូមបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់បន្ថែមទៀត ដោយសារអាកាសធាតុមានការប្រែប្រួលអាចមានជាភ្លៀងលាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ទ្រាក់ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ បែបនេះហើយយើងត្រូវពិនិត្យស្ថានភាពផ្ទះ ដោយចងរឹតបន្ថែមផ្ទះរបស់យើងដើម្បីកុំឱ្យរងគ្រោះដូចករណីខាងលើទៀត និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តា បង្កើនការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើងអគ្គិសនីឱ្យបានខ្ពស់នៅរដូវក្ដៅនេះផង ព្រមទាំងបានសំណូមពរឱ្យបងប្អូនកុំភ្លេចបន្តចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺឆ្លងកាចសាហាវផ្សេងៗដូចជំងឺកូវីដ-១៩ ផ្ដាសាយបក្សី(H5N1) គ្រុនចាញ់ គ្រុនឈីក-គ្រុនឈាម និងចូលរួមកំចាត់ជំងឺមិនឆ្លងតាមរយៈការបរិភោគអាហារមិនមានរសជាតិផ្អែមពេក ប្រៃពេក ខ្លាញ់ពេក កាត់បន្ថយការពិសារភេសជ្ជៈកំប៉ុង ហាត់ប្រាណជាប្រចាំរាល់ថ្ងៃ ជាពិសេសនាំគ្នាអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល។ល។

សម្ភារៈផ្តល់ជូនគ្រួសារនីមួយៗរួមមាន ៖ ស័ង្កសីទៅតាមកម្រិតរងគ្រោះ អង្ករ២៥គីឡូក្រាម មី២៥កញ្ចប់ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ សារុង២ និងថវិកាមួយចំនួនផងដែរ៕

 

Leave a Reply

Your email address will not be published. Required fields are marked *