នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អនុញ្ញាតិឱ្យក្រុមការងាររៀបចំសមយុទ្ធនាគមាសកងទ័ពរំដោះប្រជាជនចិន ចូលជួបសំដែងការគួរសម ពិភាក្សាការងារ

(ភ្នំពេញ)÷ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការដឹកនាំធ្វើសមយុទ្ធនាគមាសភាគីកម្ពុជា ឆ្នាំ២០២៦ បានអនុញ្ញាតឲ្យក្រុមការងាររៀបចំសមយុទ្ធនាគមាស-២០២៦ កងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយលោកវរនាវីឯកពិសេស ជី ហ៊្សាំង (Secapt. JI XIANG) នាយករង នាយកដ្ឋានហ្វឹកហ្វឺន សេនាធិការដ្ឋានចម្រុះ តំបន់យោធភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន និងសមាជិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាករងារ នៅសាលសវនាការទីស្ដីការក្រសួងការពារជាតិ។

នៅក្នុងជំនួបនោះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានអបអរសាទរ និងស្វាគមន៍ចំពោះដំណើរបំពេញការងាររបស់ក្រុមការងារសិក្សារៀបចំសមយុទ្ធនាគមាស ឆ្នាំ២០២៦ កងទ័ពរំដោះប្រជាជនចិននៅលើទឹកដីនៃប្រទេសកម្ពុជា នាឆ្នាំនេះ ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់ថា ក្រុមការងារដែលបានមកកាន់កម្ពុជា ដើម្បីជួបពិភាក្សាគ្នាសម្រាប់ដំណើរការសិក្សាត្រៀមរៀបចំសមយុទ្ធនាគមាសឆ្នាំ២០២៦ នាឆ្នាំនេះ គឺជាការងារមួយដែលភាគីកងទ័ពយើងទាំងពីរ តែងតែបានរៀបចំធ្វើការពិភាក្សាគ្នាឡើងនូវរៀងរាល់ឆ្នាំ មុនពេលដំណើរការជាផ្លូវការនៃសមយុទ្ធនេះ ។ លើការត្រៀមទាំងផែនការ ខ្លឹមសារ អត្ថន័យ និងទីកន្លែង គ្រឿងបំពាក់ ដើម្បីត្រៀមរៀបចំសមយុទ្ធរវាងកងទ័ពទាំងពីរនាឆ្នាំនេះប្រកបដោយលទ្ធផលកាន់តែល្អប្រសើរ ។
តាមរយៈនៃការចុះពិនិត្យមើលទីតាំងរបស់ក្រុមការងារភាគីកងទ័ពទាំងពីរ និងតាមរយៈនៃកិច្ចពិភាក្សាគ្នាលើខ្លឹមសារ ផែនការមួយចំនួនដើម្បីប្រុងប្រៀបរៀបចំសមយុទ្ធនាគមាស ២០២៦ កម្ពុជា-ចិន នាឆ្នាំនេះ និង តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍រវាងក្រុមការងារយើងទាំងពីរ និងអាចយល់ហើយក៏អាចកំណត់ថា តើយើងនឹងត្រូវធ្វើនៅពេលណា ទីកន្លែងណា ខ្លឹមសារអី ហើយមានផែនការបែបណា ដែលអាចកំណត់បាននៅក្នុងផែនការនៃការរៀបចំធ្វើសមយុទ្ធនាឆ្នាំនេះឲ្យទទួលបានភាពរលូន ។ អ្វីដែលឯកឧត្តម និងថ្នាក់ដឹកនាំអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ សំណូមពរនោះ គឺចង់ឃើញ ភាគីកងទ័ពយើងទាំងពីរ ធ្វើយ៉ាងណា ការរៀបចំធ្វើសមយុទ្ធនាឆ្នាំនេះ ទទួលបានជោគជ័យ ហើយមានខ្លឹមសារអត្ថន័យ ជ្រាលជ្រៅ ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អររវាងកងទ័ពទាំងពីរ កម្ពុជា-ចិន ។
នាយឧត្តមសេនីយ៍ បញ្ជាក់បន្ថែមទៀតថា សម្រាប់ការធ្វើសមយុទ្ធនាគមាសឆ្នាំ ២០២៦ ខាងមុខនេះ ក្រុមការងារកងទ័ពយើងទាំងពីរ ត្រូវតែបន្តយកចិត្តទុកដាក់ជួបពិភាក្សាគ្នា ដើម្បីដាក់ចេញនូវផែនការ ខ្លឹមសារ តាមសេនាឌីយូមួយដែលកងទ័ពយើងទាំងពីរឯកភាពគ្នា និងស្របតាមយុទ្ធសាស្ត្ររបស់កងទ័ពយើងទាំងពីរ ។ ក្នុងន័យនេះ ឯកឧត្តម សូមឱ្យក្រុមការងារភាគីកងទ័ពទាំងពីរយកចិត្តទុកដាក់ធ្វើឲ្យបានហ្មត់ចត់ ដាក់ចេញជាផែនការច្បាស់លាស់ ទីកន្លែង ពេលវេលា ខ្លឹមសារ កម្លាំងចូលរួម និងគ្រឿងបំពាក់ថ្មី ទំនើប ទាន់សភាពការណ៍សាកលលោកបច្ចុប្បន្ន ព្រមទាំងការងារធានាឱ្យបានគ្រប់គ្រាន់និងទាន់ពេលវេលា ពិសេសត្រូវមានផែនការការពារសុវត្ថិភាពឱ្យបានទាំងមនុស្ស និងគ្រឿងបំពាក់ ។
ជាការឆ្លើយតបលោកវរនាវីឯកពិសេស ជី ហ៊្សាំង (Secapt. JI XIANG) ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងថ្នាក់ដឹកនាំអគ្គសេនាធិការ ពិសេសមេបញ្ជាការកងទ័ពជើងគោកប្រចាំភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន បានសម្ដែងនូវអំណរគុណ ចំពោះឯកឧត្តម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ចំពោះការផ្ដល់ពេលវេលា អនុញ្ញាតឲ្យក្រុមការងារបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារក្នុងដំណើរបេសកកម្មបំពេញការងារដើម្បីត្រៀមរៀបចំធ្វើសមយុទ្ធនាគមាសរវាងចិន-កម្ពុជា នាឆ្នាំ២០២៦ នេះនៅកម្ពុជា ទទួលបានជោគជ័យ ហើយក៏បាននាំនៅបណ្ដាំផ្ញើសួរសុខទុក្ខពីមេបញ្ជាការកងទ័ពជើងគោក ភូមិភាគខាងត្បូង កងទ័ពរំដោះប្រជាជនចិន ផ្ញើជូនថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសនេះផងដែរ ។
លោក ជី ហ៊្សាំង បញ្ជាក់ទៀតថា សមយុទ្ធនាគមាសចិន-កម្ពុជា គឺជានិមិត្តរូបមួយសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពចិន-កម្ពុជា ។ ហើយក៏ជាគំរូមួយដែលមានឥទ្ធិពលក្នុងសហគមន៍តំបន់ និងអន្តរជាតិ យ៉ាងសំខាន់ផងដែរ ។ ចាប់តាំងពីឆ្នាំ២០២៤ មក សមយុទ្ធនាគមាសដែលរៀបចំឡើងដោយប្រទេសយើងទាំងពីរ កងទ័ពទាំងពីរ គឺសុទ្ធតែមានការចូលរួមពីកងទ័ពជើងគោក កងទ័ពជើងទឹក ហ្នឹងកងទ័ពជើងអាកាស ។
លោកក៍បានជម្រាបជូនឯកឧត្តម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ដែរថា មានខ្លឹមសារខ្លះមួយចំនួន ភាគីយើងទាំងពីរបានឯកភាពគ្នាហើយៗក៍នៅមានបញ្ហាខ្លះ ដែលភាគីក្រុមការងាររបស់យើងទាំងពីរ ត្រូវបន្តពិភាក្សាគ្នា ក្នុងកិច្ចប្រជុំក្រុមការងារផងដែរ ។
លោកវរៈនាវីឯកពិសេស ជី ហ៊្សាំង បញ្ជាក់ដែរថា ថ្នាក់ដឹកនាំជាន់ខ្ពស់កងទ័ពប្រទេសយើងទាំងពីរ មានការយកចិត្តទុកដាក់ក្នុងកម្រិតខ្ពស់លើការរៀបចំធ្វើសមយុទ្ធនាគមាសរវាងចិន-កម្ពុជា ហើយមេដឹកនាំជាន់ខ្ពស់កងទ័ពទាំងពីរ ក៏បានផ្ដល់ការលើកទឹកចិត្ត និងជំរុញឲ្យមានកិច្ចដំណើរការរៀបចំសមយុទ្ធនាគមាស ចិន-កម្ពុជា នៅលើទឹកដីកម្ពុជា ជាច្រើនលើកដែលប្រការទាំងនេះ គឺជាការរួមចំណែកយ៉ាងធំធេងជំរុញឲ្យកិច្ចសហប្រតិបត្តិការរៀបចំសមយុទ្ធនាកមាសរវាងកងទ័ពទាំងពីរ ប្រព្រឹត្តទៅដោយភាពរលូន និងទទួលបានកាន់តែជោគជ័យ ។ លោក ជី ហ៊្សាំង សង្ឃឹមជឿជាក់ថា សមយុទ្ធនាគមាសឆ្នាំ២០២៦ និងដំណើរការទៅប្រកបដោយភាពរលូន និងទទួលជោគជ័យ ហើយមានកម្រិតកាន់តែធំ និងទំនើបទៅៗ ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងនូវអំណរគុណ ដល់ក្រុមការងាររៀបចំសមយុទ្ធនាគមាសភាគីទាំងពីរកម្ពុជា-ចិន ដែលបានយកចិត្តទុកដាក់ សហការគ្នាក្នុងការបំពេញការងាររួមគ្នា លើកិច្ចដំណើរការត្រៀមរៀបចំសមយុទ្ធនាគមាសឆ្នាំ២០២៦ នេះ ។ តាមរយៈនៃការខិតខំបំពេញការងាររបស់ក្រុមការងារភាគីកងទ័ពទាំងពីរ នាលើកនេះ ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា សមយុទ្ធនាគមាសឆ្នាំ២០២៦ នេះ និងទទួលបានជោគជ័យ ។
នាយឧត្តមនីយ៍ ក៏បានជម្រាបជូនប្រតិភូក្រុមការងារដែរថា ការរៀបចំធ្វើសមយុទ្ធនាគមាសកម្ពុជា-ចិន ឆ្នាំ២០២៦ ក៏ដូចជាសមយុទ្ធរាល់ៗលើក ជារៀងរាល់ឆ្នាំ គឺធ្វើឡើងដើម្បីពង្រឹងសមត្ថភាព គុណភាព កងយោធពលខេមរភូមិន្ទ ក្នុងកិច្ចការពារជាតិ ទឹកដី របស់ខ្លួន មិនមានបំណងគំរាមកំហែងដល់ប្រទេសណាមួយឡើយ ។ មួយវិញទៀតការធ្វើសមយុទ្ធនាគមាស ២០២៦ កម្ពុជា-ចិន ក៏នឹងបានពង្រឹងពង្រីកចំណងទាក់ទងមិត្តភាព កិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពទាំងពីរកម្ពុជា-ចិន ឱកាន់តែមានភាពប្រសើរឡើង ។
ជាមួយគ្នានេះដែរនាយឧត្តមសេនីយ៍ ក៏បានលើកឡើង និងផ្ដល់នូវអនុសាសន៍ខ្លះៗដល់ក្រុមការងារភាគីកងទ័ពទាំងពីរ ឱ្យបន្តធ្វើការពិភាក្សាគ្នាក្នុងកិច្ចប្រជុំក្រុមការងារទាំងពីរ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ ។ ឯកឧត្តមបញ្ជាក់ថា បញ្ហាសំខាន់ដែលក្រុមការងារភាគីទាំងពីរត្រូវយកចិត្តទុកដាក់នោះគឺ ត្រូវតែពិភាក្សាគ្នាឱ្យបានជាក់លាក់ កំណត់នូវពេលវេលា ទីកន្លែង ខ្លឹមសារ អត្ថន័យ យុទ្ធវិធី និងគ្រឿងបំពាក់ ពិសេសបញ្ហាអាកាសធាតុ សម្រាប់ជំរុញឲ្យកិច្ចដំណើរការជាផ្លូវការនៃសមយុទ្ធនេះ ប្រកបដោយភាពរលូន ជោគជ័យ ថ្មី ទំនើប និងមានទ្រង់ទ្រាយកាន់តែធំទៅៗ ស្របទៅនឹងបរិបទនៃសង្គ្រាមវិទ្យាសាស្ត្រលើសាកលលោកបច្ចុប្បន្ន ។
ឯកឧត្តម ឥត សារ៉ាក់ បញ្ជាក់ទៀតថា សមយុទ្ធនាគមាសកម្ពុជា-ចិននេះ គឺមានសារៈសំខាន់ណាស់សម្រាប់កងទ័ពប្រទេសយើងទាំងពីរ ហើយក៏មានការយកចិត្តទុកដាក់អង្កេតតាមដានពិនិត្យមើលណាស់ ពីសំណាក់បណ្ដាប្រទេសក្នុងតំបន់ និងអន្តរជាតិ ចង់ដឹង ចង់ឃើញ អំពីខ្លឹមសារ ផែនការ និងអត្ថន័យសមយុទ្ធនេះ ។ ដូច្នេះយើងត្រូវធ្វើឲ្យគេឃើញថា សមយុទ្ធរវាងកងទ័ពយើងទាំងពីរ នេះវាខ្លាំង មានគ្រឿងបំពាក់ថ្មីទំនើបសមស្របទៅនឹងសភាពការណ៍បច្ចុប្បន្ននៅក្នុងតំបន់ និងលើសកលលោក។
ឯកឧត្តម បានជូនពរឲ្យក្រុមការងារភាគីកងទ័ពទាំងពីរ បន្តពិភាក្សាគ្នារិះរកគ្រប់មធ្យោបាយនិងគន្លឹះល្អៗ ក្នុងការជំរុញឲ្យកិច្ចដំណើរការរៀបចំសមយុទ្ធនាគមាសកម្ពុជា-ចិន ឆ្នាំ២០២៦ នេះ ប្រព្រឹត្តទៅប្រកបដោយភាពរលូន ជោគជ័យ និងសុវត្ថិភាព៕

Leave a Reply

Your email address will not be published. Required fields are marked *