លោក ហៃ សំណាង ត្រូវបានប្រកាសតែងតាំងជាអភិបាលស្រុកស្វាយអន្ទរថ្មី ជំនួសលោក ប៉ិច សុង ដែលត្រូវបានចូលនិវត្ត!

ខេត្ត​ព្រៃវែង៖ នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានអញ្ជើញប្រកាស លោក ហៃ សំណាង ចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលស្រុកស្វាយអន្ទរ ជំនួស លោក ប៉ិច សុង ដែលត្រូវបានចូលនិវត្ត ដែលពិធីនេះធ្វើនៅសាលាស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង មានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក ប៉ិច សុង អតីតអភិបាលស្រុកស្វាយអន្ទរ ដែលបានលះបង់ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងឆន្ទះមនសិការបម្រើឧត្តមប្រយោជន៍ប្រជាជន ក្នុងមូលដ្ឋានស្រុកស្វាយអន្ទរ ក្នុងរយៈពេល កន្លងមក បានយ៉ាងល្អប្រសើ បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសុវត្ថិភាព។

ឯកឧត្ដម អភិបាលខេត្ត មានប្រសាសន៍បន្តថា ការប្រកាសតែងតាំងអភិបាលនៃគណៈអភិបាលស្រុកស្វាយអន្ទរ នាឪកាសនេះ គឺជាការបំពេញរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រង និងការទទួលខុសត្រូវ  ដែលជាភារកិច្ចដឹកនាំបន្តដើម្បីឆ្លើយតប នឹងការងារជាសេនាធិការរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត ក្នុងការបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានកាន់តែល្អបន្ថែមទៀត។

ឯកឧត្ដម អភិបាលខេត្ត សូមផ្តាំផ្ញើ ដល់ លោកអភិបាល នៃគណៈអភិបាលស្រុកស្វាយអន្ទរ ដែលទើបនឹងទទួលមុខតំណែងថ្មីនេះ ត្រូវយកអស់កម្លាំងកាយចិត្ត  ខិតខំប្រឹងប្រែង បំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនតាមរយៈ ចំណេះដឹង សមត្ថភាព និងបទពិសោធន៏  ដើម្បីបន្តចូលរួមក្នុងការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍មូលដ្ឋានស្រុកស្វាយអន្ទរ ឱ្យកាន់តែរីកចម្រើន និងកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត ជាពិសេស ត្រូវបង្កើន សាមគ្គីភាព ឯកភាពផ្ទៃក្នុង ទំនាក់ទំនង និងកិច្ចសហការល្អ ដើម្បីបន្តនិរន្តរ៍ភាពដឹកនាំការងាររដ្ឋបាលស្រុកបន្តទៀត បន្ថែមពីនេះ ត្រូវចុះពិនិត្យមើលការងារនៅមូលដ្ឋាន នៅតាមបណ្តាឃុំ ទាំងអស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានញឹកញាប់ និងពិនិត្យលើការបម្រើសេវាសាធារណៈនៅតាមមូលដ្ឋាន ធ្វើយ៉ាងណាឲ្យការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រព្រឹត្តទៅបានរលូន ឆាប់រហ័ស ទាន់ពេលវេលា មានតម្លាភាព និងប្រកបដោយប្រសិទ្ធភាព៕

Leave a Reply

Your email address will not be published. Required fields are marked *