(ខេត្តព្រៃវែង)៖ ពលរដ្ឋបានសម្ដែងការខកចិត្តនិងខឹងសម្បារទៅលើមន្ត្រីសុរិយោដីខេត្តព្រៃវែង ដែលចុះមកវាស់វែងដីជាប្រព័ន្ធ និងចែកប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង)ក្នុងភូមិសាស្ត្រឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។
ដោយថា ក្រុមមន្ត្រីទាំងនោះ បានកំណត់យកលុយពីពួកគាត់ថ្លៃកាត់ឈ្មោះក្នុង១ប្លង់ៗចំនួន៣០០ដុល្លារជាកំហិត និងការហៅមកវាស់ដីបំពេញបន្ថែមក៏១ប្លង់៣០០ដុល្លារផងដែរ។
*ករណីនេះលោកប្រធានមន្ទីរ អះអាងថា រាល់ការវាស់វែង គឺមិនតម្រូវឱ្យបង់លុយនោះឡើយ។
ជាក់ស្តែង ស្ដ្រីម្នាក់នៅភូមិសំបួរ ឃុំកំពង់ប្រាំង បានបញ្ជាក់ថា ខ្លួនបានលក់ដីលំនៅដ្ឋាន១កំណាត់ខាងក្រោយផ្ទះឱ្យទៅបង។
ស្រាប់តែមន្ត្រីសុរិយោដីឈ្មោះ វណ្ណា រស្មី កំណត់យកលុយពីបងរបស់គាត់ចំនួន៣០០ដុល្លារ ជាថ្នូរនឹងកាត់ឈ្មោះកែឯកសារ ក្លែងមកជាដីអំណោយ។
ប្រភពដដែលបន្តថា អ្វីដែលរូបគាត់ហួសចិត្តនោះ គឺដីដែលនៅសល់មួយកំណាត់ខាងមុខ។
បែរជាឈ្មោះ វណ្ណា រស្មី កំណត់យកលុយពីខ្លួនចំនួន៣០០ដុលារទៀតថ្លៃបំពេញឯកសារបង្ហើយ។
លុះដល់ថ្ងៃកំណត់ចែកប័ណ្ណកម្មសិទ្ធ(ប្លង់រឹង)បែបជានាងខ្ញុំគ្មានប័ណ្ណ និងគេ ដាក់អត្តសញ្ញាណបណ្ណតាំងព្រឹករហូតដល់ប្រលុបនៅតែគ្មានឯកសារ។
*ជាមួយគ្នានេះពលរដ្ឋបានលើកឡើងដូចៗគ្នាថា កាលពីអំឡុងចុះវាស់វែងជាប្រព័ន្ធដំបូង មន្រ្តីកាន់ម៉ាស៊ីន(GPS)បានកំណត់យកលុយពីពួកខ្លួន ក្នុង១ប្លង់ៗចាប់ពី១០.០០០រៀលទៅ៣០.០០០រៀល។
ខណៈពេលបំពេញឯកសារផ្ដិតមេដៃ ពលរដ្ឋត្រូវបង់លុយក្នុង១ប្លង់ៗចំនួន១០.០០០រៀលទៀត។
ជាមួយគ្នានោះ ក្នុងដំណាក់កាលបិទផ្សាយពិនិត្យឯកសារ មន្ត្រីកំណត់យកលុយក្នុង១ប្លង់ចំនួន១០.០០០រៀល។
ក្រៅពីនេះសម្រាប់អ្នកខុសឈ្មោះ និងកែទំហំ ១ប្លង់ៗបង់អស់ចំនួន២០.០០០រៀល។
លុះថ្មីៗនេះ ក្រុមមន្ត្រីដែលចុះមកចែកប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង) ក្នុងមូលដ្ឋានឃុំកំពង់ប្រាំង បានតម្រូវឱ្យពលរដ្ឋទិញថង់ផ្លាស់ស្ទិច ដែលពួកគេរៀបចំរួចជាស្រេចសម្រាប់ច្រក(ប័ណ្ណ)ទុក ក្នុង១ប្លង់ៗចំនួន២.០០០រៀលជាកំហិត។
មិនតែប៉ុណ្ណោះ រាល់ការដកប្លង់នីមួយៗពលរដ្ឋត្រូវចំណាយចាប់ពី១៥.០០០រៀលទៅ៦០.០០០រៀលក្នុង១ប្លង់ជាកំណត់។
ពលរដ្ឋនិយាយថា ការចែកប័ណ្ណនេះ គឺមន្ត្រីកំណត់យកលុយពីពួកខ្លួនលើសតម្លៃសេវា។
ជាក់ស្តែង ដីស្រែទំហំ៦.០០០ការ៉េ តម្លៃសេវាត្រឹមតែ២៤.០០០រៀលនោះទេ ប៉ុន្តែមន្ត្រីកំណត់យករហូតដល់៥៥.០០០រៀលឯណោះ ពោលគឺលើសសេវាកំណត់ជាងពាក់កណ្ដាល។
សកម្មភាពនិងយុទ្ធសាស្ត្រ ប្រមូលលុយពីពលរដ្ឋគ្រប់រូបភាពខាងលើ ធ្វើឱ្យមន្ត្រីដែលចុះមកវាស់វែង និងចែកប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង) ក្នុងឃុំកំពង់ប្រាំង អាចកើបលុយក្រៅប្រព័ន្ធច្បាប់ បានរាប់សិបលានរៀល។
*ដើម្បីឲ្យមានចម្លើយទាំងសងខាងនៅថ្ងៃទី៣០.០៦.២០២៦«សារព័ត៌មានយើង»បានសុំការបំភ្លឺពីលោក អេង ផេងអាន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសុរិយោដី និងសំណង់ខេត្តព្រៃវែង ដោយលោកថ្លែងថា រាល់ការវាស់វែងដីអនុវត្តមានបន្ថែម គឺមិនតម្រូវឱ្យបង់ប្រាក់ឡើយ។
លោក អេង ផេងអាន បន្តថា៖ការយកលុយពីពលរដ្ឋថ្លៃចែកប័ណ្ណជាតម្លៃសេវា។
រីឯលោក អន ភារៈ អភិបាលរងខេត្តនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រៃវែង បានថ្លែងថា៖រាល់ការវាស់វែងដីបន្ថែមនៅពេលអនុវត្តមាន អំឡុងពេលវាស់ជាប្រព័ន្ធគឺមិនតម្រូវឱ្យបង់ប្រាក់ទេ!រីឯការយកលុយពេលចែកប័ណ្ណកម្មសិទ្ធ គឺយកលុយទៅតាមតារាងកំណត់ នៃថ្លៃសេវាចក្រប៉ុណ្ណោះ៕


