សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តស្វែងរកធនធានតាមបណ្តាខេត្តមានទេពកោសល្យអាយុចន្លោះពី ៦ឆ្នាំ ដល់ ១៨ឆ្នាំ

ខេត្តស្ទឹងត្រែង៖ សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានបន្តពង្រីកវិសាលភាព​កិច្ចសហការ​ជាមួយ​មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្តទូទាំងប្រទេស ដោយផ្តល់ឱកាសដល់កុមារ និងយុវជន​ដែល​មាន​អាយុចន្លោះពី ៦ឆ្នាំដល់ ១៨ឆ្នាំ មកពីបណ្តាសាលាបឋមសិក្សា និងអនុវិទ្យាល័យនានា បាន​ចូលរួមលេងកីឡា បញ្ចេញសមត្ថភាព និងបង្ហាញ ទេពកោសល្យពីធម្មជាតិរបស់ពួកគេ។

កម្មវិធីការអភិវឌ្ឍកីឡាអត្តពលកម្ម តាម រយៈការប្រកួតកីឡាអត្តពលកម្ម កុមារ និងយុវជន​នៅ​ខេត្តស្ទឹងត្រែង នាពេលថ្មីៗនេះ លោកដួង មាសចំរើន ប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានមានប្រសាសន៍ថា ដើម្បីឲ្យកម្មវិធីអភិវឌ្ឍន៍នេះមានចីរភាព និងគុណភាព​ខ្ពស់​សហព័ន្ធ​បានដាក់ចេញនូវ ធាតុសំខាន់ៗចំនួន ២៖

ទី១ គឺការបណ្តុះបណ្តាលធនធានបច្ចេក​ទេស៖ យើងផ្តោតសំខាន់លើការបណ្តុះបណ្តាល បង្កើនសមត្ថភាពដល់លោកគ្រូ អ្នកគ្រូបង្វឹក និងមន្ត្រីបច្ចេកទេសនៅមូលដ្ឋាន ដើម្បីឲ្យពួកគាត់មានចំណេះដឹងស្តង់ដារ ការណែនាំ តម្រង់ទិស និងហ្វឹកហាត់ដល់ អត្តពលិកវ័យក្មេងបានត្រឹមត្រូវតាមបច្ចេកទេសស្តង់ដាអន្តរជាតិ។

ទី២ ការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈ៖ ដោយមានការឧបត្ថម្ភគាំទ្រពី សប្បុរសជន និងដៃគូផ្តល់មូលនិធិ គម្រោងនេះបានផ្តល់ការគាំទ្រយ៉ាងទូលំទូលាយ ចាប់តាំងពីការធ្វើដំណើរ ការដឹកជញ្ជូនអត្តពលិក ការគ្រប់គ្រងការប្រកួត ការផ្តល់ ឧបករណ៍កីឡាខ្នាតស្តង់ដារ ការរៀបចំនិងតុបតែងទីលាន រហូតដល់មេដាយ និងពានរង្វាន់។

ការវិនិយោគបែបនេះ នឹងជួយបង្កើតកម្មវិធីអត្តពលកម្មមួយដែល មានភាពរស់រវើក មានការចូលរួមបរិយាបន្ន និងមានចីរភាពយូរអង្វែង សម្រាប់បម្រើ ដល់សាលារៀន និងសហគមន៍ផ្ទាល់។

សូមបញ្ជាក់ថា ពិធីកម្មវិធីការអភិវឌ្ឍកីឡាអត្តពលកម្ម បានរៀបចំជាលើកទី៣ហើយ បន្ទាប់ពីការរៀបចំប្រកបដោយជោគជ័យនៅខេត្តកំពង់ឆ្នាំង និងខេត្តពោធិសាត់ កាលពីឆ្នាំ២០២៥ កន្លងទៅ។

ចាប់ពីឆ្នាំ២០២៦ នេះ និងឆ្នាំ ខាងមុខៗទៀត សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត នឹងបន្តពង្រីកវិសាលភាពកិច្ចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្តទូទាំងប្រទេស៕

Leave a Reply

Your email address will not be published. Required fields are marked *