ក្រុមបាល់ទះកម្ពុជា ចេញទៅប្រកួតពានតំបន់អាស៊ានជាថ្មី ក្រោយ​មិន​សម​ប្រកប​ក្នុង​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង

ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានចេញ​ដំណើរ​ទៅចូលរួម​ការ​ប្រកួត​ពាន​រង្វាន់​ប្រចាំ​តំបន់​អាស៊ាន ​SEA V-Cup ឆ្នាំ២០២៦ ហើយ ខណៈការប្រកួតជើងទី១ នឹងធ្វើឡើង​នៅ​ប្រទេស​ហ្វីលីពីន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកក្កដា មុនបន្ដការប្រកួតជើងទី២ នៅ​ប្រទេស​ឥណ្ឌូនេស៊ី ​ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកក្កដាខាងមុខ។

នេះជាលើកទី២ ដែលក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានបង្ហាញ​វត្ត​មាន​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​មួយ​នេះ បន្ទាប់ពីការចូលរួមលើកដំបូង កាលពីឆ្នាំ២០២៥ កន្លងទៅ ពុំទទួល​បាន​លទ្ធផល​សម​ប្រកប​ ដោយរងបរាជ័យ ៨ប្រកួតផ្ទួនៗ ក្នុងការប្រកួតលក្ខណៈវិលជុំ ២ជើងដូចគ្នា ដែល​មាន​បេក្ខ​ភាព​ប្រកួតប្រជែង ៥ក្រុមចូលរួម។

ក្រឡេកមកចាប់អារម្មណ៍បេសកកម្មឆ្នាំថ្មីនេះ ការប្រកួតនឹងត្រូវអនុវត្តតាមរូបមន្ដថ្មី ក្រោយ​សមាគម​បាល់​ទះអាស៊ីអាគ្នេយ៍ បានបង្កើនក្រុមចូលរួមរហូតដល់ ៦ក្រុម ហើយត្រូវបែងចែកជា ២ពូល ក្នុងនោះកម្ពុជា ស្ថិតក្នុងពូលA ជាមួយក្រុមខ្លាំងហ្វីលីពីន និងឥណ្ឌូនេស៊ី គ្រា​ដែល​ពូល​B ​មានក្រុមវៀតណាម មីយ៉ាន់ម៉ា និងថៃ ដែលត្រូវធ្វើការប្រកួតវិលជុំ ហើយក្រុមឈរលេខ១ និង​លេខ​២ ​នឹងត្រូវឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោយបញ្ចប់វគ្គសន្សំពិន្ទុ។

សម្រាប់​ដំណើរប្រជែងពានថ្នាក់តំបន់ប្រចាំឆ្នាំនេះដែរ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និង​ជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ថា ក្រុមនីមួយៗ សុទ្ធតែមាន​ការ​រៀប​ចំ​ក្រុម​បាន​ល្អ លើកលែងកម្ពុជា ទោះបីមានការប្រមូលផ្ដុំ តាំងពីដើមឆ្នាំ តែក្រោយ​អនុញ្ញាត​ឲ្យ​កីឡាករ​ជួយ​ក្លិប​ប្រកួតពានតេជោលីគ ពួកគេទើបត្រឡប់ចូលជំរុំហ្វឹកហាត់រយៈពេលខ្លី ហើយ​ចេញ​ដំណើរ​ទៅ​ប្រកួតជើងទី១ នៃពាន SEA V-Cup នៅហ្វីលីពីន កាលពីចុងសប្ដាហ៍កន្លងទៅ។

ទន្ទឹមជាមួយគ្នា លោកក៏បានបញ្ជាក់ពីការអវត្តមានកីឡាករមួយចំនួន ក្រោយ​ផ្ទុះ​ការ​វែក​ញែក​លើ​បណ្ដាញ​សង្គម​ផងដែរ ក្នុងនាមសហព័ន្ធ ដែលចាត់ទុកកីឡាករទាំងអស់ ជាកូន និងទទួល​បាន​ការ​ស្រលាញ់​ស្មើ​ៗ​គ្នា។ លោកថា ពាក់ព័ន្ធនឹងការជ្រើសរើសកីឡាករ មានអ្នកជាប់ មាន​អ្នក​មិន​ជាប់​ គឺអាស្រ័យលើគណៈគ្រូ ជាអ្នកសម្រេច ដ្បិតគ្រូដឹងច្បាស់ពីកីឡាករ និង​តួនាទី​លេង​របស់​ពួក​គេ​ម្នាក់​ៗ ដែលបានបង្ហាញទម្រង់លេងល្អ ឬមិនល្អ កំឡុងពេលប្រមូលផ្ដុំហ្វឹកហាត់។

ក្នុង​នោះ​លោកបានលើកឧទាហរណ៍កីឡាករមួយចំនួន ដូចជា រុន សុខជា ដែល​មិន​ទាន់​ Fit​ ជា​មួយ​ការ​ហ្វឹក​ហាត់ គ្រាដែល មឿន ម៉េងឡាយ ក្រោយចូលរួមតាមការកោះហៅ តែ​បាន​ចាក​ចេញ​ពី​ជំរុំ​ហ្វឹក​ហាត់ ​ដោយគ្មានការផ្ដល់ព័ត៌មាន រហូតគ្រូសម្រេច មិនជ្រើសរើសរូបគេ ហើយ​សហព័ន្ធ​ក៏​មាន​ការ​សោក​ស្ដាយ​ដូចគ្នា។ បែបនេះក្ដី លោកជឿជាក់ថា កីឡាករត្រូវបានជ្រើសរើស នឹង​ខំ​ប្រឹង​លេង ​ដើម្បីស្វែងរកលទ្ធផលល្អ ក្នុងនាមអត្តពលិកតំណាងជាតិ និងប្រជាជនទាំងមូល។

សម្រាប់​កីឡាករ ១៤រូប ដែលត្រូវបានជ្រើសរើសចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ត្រៀម​ការ​ប្រកួត​ពាន​រង្វាន់​ SEA V-Cup ឆ្នាំ២០២៦ រួមមានចែកបាល់(ប៉ះសេ) សួន ចាន់ណារ៉ូ, វឿន វាសនា, គួន ម៉ុម, កែវ ស្រេងលីហួរ, សឿន ហេង, ចាន់ វាសនា, ផុល រតនៈ, មួន និមល, ខេង ថុនា, ឧក រដ្ឋា, ពិន សារុន, ធី ម៉េងហួង, អ៊ុន សុវណ្ណារាជ និង ខឹម សុវណ្ណដារ៉ា ដែល​ដឹក​នាំ​ដោយ​​គ្រូប​ង្វឹក​លោក នៅ សាម៉េត និងលោក Berto Friol Barrios ជាគ្រូជំនួយ។

ចំពោះ​ដំណើរ​ការប្រកួតពានរង្វាន់ប្រចាំតំបន់នេះដែរ នឹងត្រូវស្វែងរក្រុមជ័យលាភីប្រចាំជើងទី១ និង​ជើង​ទី២ រៀងៗខ្លួន ដូចធ្លាប់បានអនុវត្តនាឆ្នាំកន្លងមក ដើម្បី​មាន​ពិន្ទុ​ក្នុង​តារាង​ចំណាត់​ថ្នាក់​បាល់ទះ​ពិភពលោក ជាក់ស្ដែងឆ្នាំមុន ទោះបីកម្ពុជា រងបរាជ័យ ៨ប្រកួតជាប់គ្នា តែកម្ពុជា ក៏​ទទួល​បាន​ចំណាត់ថ្នាក់ផ្លូវការលើកដំបូងផងដែរ។ សម្រាប់រូបមន្ដប្រកួតក្រោយចប់វគ្គសន្សំពិន្ទុ ក្រុម​លេខ​១ និងលេខ២ ត្រូវប្រកួតខ្វែងពូល នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បី​ស្វែង​រក​ក្រុម​ឈ្នះ​ឡើង​ទៅ​ប្រកួត​ដណ្ដើម​ពាននៅវគ្គផ្ដាច់ព្រ័ត្រតែម្ដង៕ អត្ថបទ លី ឈុនឡា

Leave a Reply

Your email address will not be published. Required fields are marked *