ឯកឧត្តម ឥត សារ៉ាត់ និងលោកជំទាវ នាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យទានប្រគេនព្រះសង្ឃចំនួន ៤៦វត្ត ក្នុងក្រុងសៀមរាប

(សៀមរាប)៖ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងសៀមរាប ខេត្តសៀមរាប និងលោកជំទាវ ខៀវ បុប្ផាផល ឥត សារ៉ាត់ រួមជាមួយលោកជំទាវ លី ហៀក ជា រតនា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុង និងខេត្តសៀមរាប និងសមាជិកក្រុមការងារក្នុងសង្កាត់ទាំង ១៣ របស់ក្រុងសៀមរាប បាននាំយកនូវទៀនចំណាំងព្រះវស្សា ចំនួន ៤៦ គូ,រួមហ្នឹងបច្ច័យ និងទេយ្យទាន គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅតាមទីអារាមវត្តទាំង ៤៦ ក្នុងសង្កាត់ទាំង ១៣ របស់ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងរដូវកាលដែលព្រះសង្ឃគង់ចាំព្រះវស្សា ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ។

ពិធីប្រគេនទៀនចំណាំងព្រះវស្សានេះ បានធ្វើឡើងនៅរសៀលថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ ស្ថិតក្នុងវត្តរាជបូណ៌ ភូមិរាជ្យបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមព្រះវត្តមានដ៏ខ្ពង់ខ្ពស់សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម (សិរីសុវណ្ណោ) ប្រធានថេរសភានៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប និងមានព្រះសង្ឃនិមន្តចូលរួមប្រមាណជា ២០៦ អង្គ មកពីវត្តទាំង ៤៦ ក្នុងក្រុងសៀមរាប ។

នៅក្នុងពិធីប្រគេនទៀនចំណាំងព្រះវស្សា ដល់វត្តទាំង ៤៦ នេះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងលោកជំទាវ ខៀវ បុប្ផាផល ឥត សារ៉ាត់ រួមជាមួយលោកជំទាវ លី ហៀក ជា រតនា ព្រមទាំងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងសៀមរាបទាំងអស់បាន ប្រគេននូវ ទៀនចំណាំងវស្សាសម្រាប់វត្តនីមួយៗ មានទៀនព្រះវស្សា ១គូ, ស្លាដក់ ១ កញ្ចប់, អង្ករ ៥០ គីឡូក្រាម, មី ២ កេស, ត្រីខកំប៉ុង ២ យួរ, ទឹកត្រី ទឹកស៊ីអ៊ីវ ៤ យួរ, ភេសជ្ជៈគ្រប់ប្រភេទ ២ កេស, ទឹកបរិសុទ្ធ ២ កេស,នំធុង ១ ធុង,បច្ច័យកសាង ក្នុងមួយវត្តៗ ៥០ ម៉ឺនរៀល, ប្រគេនបច្ច័យបួន ដល់ព្រះសង្ឃ ៤៦ អង្គ ក្នុងមួយអង្គៗ បច្ច័យ ២០ ម៉ឺនរៀល ,ប្រគេនបច្ច័យដល់ព្រះអនុគណខេត្ត ០២ ព្រះអង្គ ដែលមួយអង្គៗ បច្ច័យ ១ លានរៀលសាដក់ ១កញ្ចប់ ,ប្រគេនបច្ច័យ ដល់សម្ដេចព្រះព្រហ្មរតនមុន្នី ពិន សែម .ព្រះចៅអធិការវត្តរាជបូរណ៌ បច្ច័យ ៤ លានរៀល និងសាដក ១ កញ្ចប់ផងដែរ ។

ក្រៅពីនោះឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងលោកជំទាវ ព្រមទាំងក្រុមការងារ ក៏បានឧបត្ថម្ភថវិកាដល់លោកតាអាចារ្យ ០៣នាក់ ក្នុងម្នាក់ៗ ថវិកា ៣០ ម៉ឺនរៀល, ចែកជូនតាជីយាយជី ១០០ នាក់ ម្នាក់ៗ ថវិកា ០២ ម៉ឺនរៀល,ជូនដល់កម្លាំងប្រជាការពារ ,កម្លាំងនគរបាលការពារព្រះអង្គចេកព្រះអង្គចម, និងការពារវត្តរាជបូណ៌, ព្រមទាំងកងកម្លាំងកងរាជអាវុធហត្ថ ១ អង្គភាពៗ ថវិកា ២០ ម៉ឺនរៀល,ជូនដល់ក្រុមការងាររៀបចំទ័យទៀនសម្រាប់ពិធីប្រគេនទានចំណង់ព្រះវស្សាព្រះវស្សាថវិកា ១ លានរៀល, និងក្រុមភ្លេងពិណពាទ្យ ថវិកា ៦០ ម៉ឺនរៀលផងដែរ ។

ក្នុងពិធីប្រគេនទៀនចំណង់ព្រះវស្សា ចំពោះព្រះសង្ឃគង់ចាំព្រះវស្សានេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងលោកជំទាវ ក៏បានឧទ្ទិសមនុញ្ញផលទាំងអស់នោះ ជូនដល់ដល់ដួងវិញ្ញាណក្ខន្ធវីរៈកងទ័ពកម្ពុជាទាំងអស់ ដែលកន្លងមកបានបូជាអាយុជីវិត តតាំងជាមួយសត្រូវឃ្លានពានដើម្បីការពារដែនអធិបតេយ្យ បូរណភាពទឹកដីរបស់កម្ពុជា ។

Leave a Reply

Your email address will not be published. Required fields are marked *