លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៧ខ្នង ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេចធិបតី និងលោកជំទាវផ្ទាល់ ជូន​ដល់​ក្រុម​គ្រួសារ​នៃ​វីរកងទ័ពពលី រស់នៅ​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង

​នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៧ខ្នង ដែល​ជា​អំណោយ​ដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសារ​នៃ​វីរ​កង​ទ័ព​ពលី ​រស់នៅក្នុងទឹកដីខេត្តព្រៃវែង ចំនួន ៥ខ្នង និងខេត្តស្វាយរៀង ចំនួន ២ខ្នង ។

ក្នុងឱកាសសំណេះសំណាលជាមួយក្រុមគ្រួសារវីរកងទ័ពពលី លោកជំទាវបណ្ឌិត បាន​ពាំនាំ​ប្រសាសន៍​ចូលរួមរំលែកមរណទុក្ខដ៏សោកសង្រេងបំផុត រួមជាមួយប្រសាសន៍​សួរសុ​ខទុក្ខ​ដោយ​ក្តី​បារម្ភ​ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ។

ជាការគិតគូរបន្ថែមលើផ្នែកជីវភាព លោកជំទាវបណ្ឌិត ក៏បាន​នាំ​យក​មក​ជា​មួយ​នូវ​អំណោយ​របស់​សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និង​បរិក្ខារ​ចាំ​បាច់​ផ្សេងៗ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ព ដើម្បីសម្រួលដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ឱ្យបានកាន់ប្រសើរឡើង។

Leave a Reply

Your email address will not be published. Required fields are marked *