លោកស្រី យន់ សុផល ចៅសង្កាត់វាលស្បូវ និងក្រុមប្រឹក្សាសង្កាត់ បានទៅប្រចាំការ នៅស្ថានីយវាលស្បូវ ដើម្បីជួយរៀបចំការធ្វើដំណើរបស់ពលរដ្ឋទៅកាន់គោលដៅ ខេត្តព្រៃវែង ស្វាយរៀង នាថ្ងៃទី២ នៃកម្មវិធីដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃរបស់រាជរដ្ឋាភិបាល ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ។

លោកស្រីចៅសង្កាត់ ក្នុងនាមតំណាងប្រជាពលរដ្ឋ ថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាល ដែលបន្តអនុវត្តប្រពៃណីដែលជាមរតករបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា យកចិត្តទុកដាក់ខ្ពស់សុខទុក្ខរបស់ពលរដ្ឋ ពិសេសឱកាសបុណ្យទានធំៗ បុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំប្រពៃណីជាតិខ្មែរ។ លោកស្រីសង្កត់ធ្ងន់ ថា ក្នុងកាលៈទេសៈបច្ចុប្បន្នដែលសេដ្ឋកិច្ចពិភពលោក រងផលប៉ះពាល់ ជំនួយរបស់រដ្ឋមានតម្លៃយ៉ាងខ្លាំងជួយជ្រោងជីវភាពពលរដ្ឋ។
សូមជម្រាបជូន ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចេញរថយន្ដសាធារណៈ ៦០០គ្រឿង ផ្ដល់សេវាដឹកជញ្ជូនពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ និងទៅស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយឥតគិតប្រាក់ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។ រថយន្តទាំង ៦០០គ្រឿងនេះ ១០០គ្រឿង បម្រើសេវានៅភ្នំពេញ និង ៥០០គ្រឿងទៀត បម្រើសេវាដឹកពលរដ្ឋទាំងទៅ និងត្រឡប់មកវិញទូទាំង ២៤ខេត្ត៕

