រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍៖ រាជរដ្ឋាភិបាលតែងផ្តោតការ​យកចិត្ត​ទុក​ដាក់​លើកា​រ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​ជំនាញប​ច្ចេកវិ​ទ្យា​ឌីជីថល ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍នៃបច្ចេកវិទ្យាឌីជីថល

ភ្នំពេញ: ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានថ្លែង​ថា​ រាជ​រដ្ឋាភិបាល​ដែល​មាន ក.ប.ទ. ជាសេនាធិការ តែងតែផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ជំនាញបច្ចេកវិទ្យាឌីជីថល និងការកសាងលិខិត​បទ​ដ្ឋានពាក់ព័ន្ធ ដើម្បីឆ្លើយ​តប​ទៅ​នឹង​ការ​វិវត្តន៍ នៃបច្ចេកវិទ្យាឌីជីថល។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងយ៉ាងដូច្នេះក្នុងឲ្យកាស​អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុង “ពិធី​អប​អរ​សាទរ​ខួប ២៥ឆ្នាំ នៃការបង្កើតអង្គការប្រព័ន្ធទិន្នន័យកម្ពុជា (Digital Divide Data-DDD) កាលពី​​រសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ដោយកម្មវិធីនេះ​ក៏មាន​​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​លោក Jeremy Hockenstein ប្រធានក្រុមប្រឹក្សាភិបាល លោក Sameer Raina នាយក​ប្រតិបត្តិ នៃអង្គការ DDD ថ្នាក់ដឹកនាំ ក.ប.ទ. ភ្ញៀវជាតិ អន្តរជាតិ បុគ្គលិក និង​អតីត​បុគ្គលិក នៃអង្គការ DDD សរុបប្រមាណ ១២០០នាក់ នៅអគារសាលកោះពេជ្រ។

ក្នុងឱកាសនោះ​ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ DDD ក្នុងបណ្តុះបណ្តាលធនធានមនុស្សជំនាញឌីជីថល ជា​ពិសេស​ផ្នែក​ទិន្នន័យ​ដែល​គិត​មក​ដល់​ពេល​នេះ បុ​គ្គលិក និងអតីតបុគ្គលិករបស់អង្គការ DDD ចូលរួម​យ៉ាង​សកម្ម​ក្នុង​ទីផ្សារ​ការងារ​លើ​ជំនាញ​នេះ ទាំងក្នុង និងក្រៅប្រទេស។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថារាជរដ្ឋាភិបាលដែលមាន ក.ប.ទ.​ ជាសេនាធិការ តែងតែផ្តោ​ត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ជំនាញ​បច្ចេក​វិទ្យាឌីជីថល និង​ការកសាងលិខិតបទដ្ឋានពាក់ព័ន្ធ ដើម្បីឆ្លើយ​តប​ទៅ​នឹង​ការវិ​វត្តន៍​នៃ​បច្ចេក​វិទ្យា​ឌីជីថល ដែល​គឺជាឃ្នាស់នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

បន្ថែមលើនេះ ឯកឧត្តម​រដ្ឋ​មន្រ្តី​បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានធ្វើជា​គំរូ​ក្នុង​ការ​ប្រើប្រា​ស់​បច្ចេក​វិទ្យា​ឌីជីថល​នៅ​ក្នុង​ប្រតិបត្តិការផ្ទៃក្នុង ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងការផ្តល់​​សេវា​សាធារណៈ​ឱ្យ​បាន​កាន់​តែ​ល្អប្រ​សើរ​ជូនប្រជាពលរដ្ឋនិងវិស័យឯកជន។ លើសពីនេះ រាជ​រដ្ឋាភិបាល​ បានផ្តោតលើអាទិភាព​ចម្បងចំនួន ៣ រួមមាន (១) ការអភិវឌ្ឍ​ និង​ការ​ប្រើ​ប្រាស់​ថ្នាល​រដ្ឋាភិបាលឌីជីថល (២) ការរៀបចំច្បាប់និងគោលនយោបាយ និង (៣) ការអភិវឌ្ឍ​មូលធ​ន​មនុស្ស​ឌីជីថល និ​ងការលើកស្ទួយអក្ខរកម្មឌីជីថល។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ អង្គការ DDD បន្តបេសកកម្ម​រប​ស់​ខ្លួន​ក្នុង​ការ​បណ្តុះ​បណ្តាល​ធានធានមនុស្សលើផ្នែកបច្ចេកវិទ្យាឌីជីថល សំដៅរួមចំណែកដល់​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ និងសង្គមឌីជីថលកម្ពុជាប្រកបដោយភាពរស់រវើក៕

 

Leave a Reply

Your email address will not be published. Required fields are marked *