ភ្នំពេញ: វិស័យទេសចរណ៍ បានទាក់ទាញកម្រោងវិនិយោគចំនួន ៤៧ គម្រោងដែលមានទុនវិនិយោគជាង ៧០០លានដុល្លារអាម៉េរិក និងបង្កើតការងារជាង ៥ ០០០កន្លែង។ អ្នកជំនាញផ្នែកសេដ្ឋកិច្ច យល់ថា ការបោះទុនវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជា ដោយសារ វិនិយោគិនបានសម្លឹងឃើញពីឱកាសប្រាក់ចំណេញពីវិស័យនេះ ហើយវិនិយោគិនមានការទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដល់វិស័យទេសចរណ៍។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍កម្ពុជា ជាវិស័យអាទិភាពមួយនៃខឿនសេដ្ឋកិច្ចជាតិ ដែលត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រសិទ្ធនាមថា «មាសបៃតង»។
របាយការណ៍បូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងទេសចរណ៍ បង្ហាញថា គម្រោងវិនិយោគលើវិស័យទេសចរណ៍ក្នុងឆ្នាំ២០២៥ មានចំនួន ៤៧គម្រោង ដែលមានទុនវិនិយោគ ៧០៨លានដុល្លាអាម៉េរិក ដែលបង្កើតការងារបានចំនួន ៥ ១៨៦ កន្លែង។
របាយការណ៍ដដែល បានបញ្ជាក់ថា គម្រោងចំនួន ៤ មានទុនវិនិយោគប្រមាណ ១៧៥ លានដុល្លាអាម៉េរិក អនុម័តដោយក្រុមប្រឹក្សាអភិឌ្ឍន៍កម្ពុជា។ គម្រោងចំនួន ៣៨ មានទុនវិនិយោគប្រមាណ ៥០៦ លានដុល្លាអាម៉េរិក អនុម័តដោយក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។ ព្រមទាំង គម្រោងចំនួន ៥ មានទុនវិនិយោគប្រមាណ ២៧ លានដុល្លារអាមេរិក អនុម័តដោយ ក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់វិទ្យុបាយ័នថា ចំនួនគម្រោងវិនិយោគទាំងនោះ គឺបង្ហាញពីលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) មកកាន់ប្រទេសកម្ពុជាក្នុងវិស័យទេសចរណ៍មានផលវិជ្ជាមានគួរឱ្យគត់សម្គាល់។
លោកថា មានកត្តាសំខាន់ៗមួយចំនួន ដែលវិស័យទេសចរណ៍កម្ពុជា បានទាក់ទាញវិនិយោគិនមកបោះទុនវិនិយោគនៅកម្ពុជា រួមមាន ការផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគពីសំណាក់រាជរដ្ឋាភិបាល និងការផ្តល់ឱកាសផលលាភទៅអ្នកវិនិយោគវិញពីគម្រោងវិនិយោគរបស់ខ្លូន ជាដើម។
បណ្ឌិត ហុង វណ្ណៈ បន្ថែមថា ៖ «ប្រសិនបើយើងនិយាយអំពី វិនិយោគផ្ទាល់ពីបរទេស (FDI) យើងអាចនិយាយបានថា ជាទូទៅ អ្នកវិនិយោគគេសម្លឹងឃើញឱ្យចំណេញដែលគេអាចនឹងយកត្រឡប់ទៅវិញបាន។នេះគឺជាគោលបំណងចម្បងដែលវិនិយោគិនបរទេសគេចង់វិនិយោគ ហើយអ្នកវិនិយោគមានបំណងចង់រួមចំណែកទៅក្នុងការអភិវឌ្ឍន៍នៅក្នុងប្រទេសមួយដែលគេចូលចិត្ត ដែលគេមានការកក់ក្តៅជាមួយរាជរដ្ឋាភិបាល បានជំរុញទឹកចិត្តឱ្យវិនិយោគិនបោះទុនវិនិយោគ»។
លោកបណ្ឌិត បន្តថា ប្រទេសកម្ពុជា មានកម្លាំងពលកម្មជំនាញ និងតម្លៃជួលកម្លាំងដែលអាចប្រកួតប្រជែងបាន ក៏ជាកត្តាក្នុងការទាក់ទាញវិនិយោគិនមកបោះទុនវិនិយោគក្នុងវិស័យទេសចរណ៍ ផងដែរ៕

