ទាហានឈ្លានពានថៃបន្តយកទូកុងតឺន័រមកដាក់បិទផ្លូវក្នុងភូមិប្រជាពលរដ្ឋខ្មែរ នៅថ្មដា ខេត្តពោធិ៍សាត់ បើទោះ​បីជាក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) កំពុងស្ថិតនៅទីនោះក្តី

ពោធិ៍សាត់: នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ទាហានឈ្លានពានថៃ បាន​បន្ត​យក​ទូកុង​តឺន័រ​មក​ដាក់​កាត់​ទទឹង​ផ្លូវ​ជាតិ​លេខ​៥៥ ព័ទ្ធយកដីខ្មែរនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បន្ទាប់​ពី​បាន​រាយ​បន្លា​លួស​នាពេលកន្លងមក ខណៈទង្វើនេះជាអំពើ​រំលោភ​បំពាន​យ៉ាង​គឃ្លើន​នូវ​កិច្ច​ព្រម​ព្រៀង ​និងសេចក្តីប្រកាសរួមនានា ព្រមទាំងមិនញញើតច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គ​ការ​សហ​ប្រជា​ជាតិ ​និងធម្មនុញ្ញអាស៊ាននោះឡើយ។

សូមបញ្ជាក់ថា ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥កន្លង ទៅ​ទាហានឈ្លានពានថៃ បានយកបន្លាលួស និងទូកុងតឺន័របិទផ្លូវលើទឹកដីខ្មែរជាច្រើនកន្លែង ហើយ​ថែម​ទាំង​លួចទ្រព្យសម្បត្តិពលរដ្ឋខ្មែរស្លូតត្រង់ផងដែរ ដោយ​ក្បត់​នឹង​កិច្ច​ព្រម​ព្រៀង​ខាង​លើ​នេះ ​និងកិច្ចព្រមព្រៀងជាច្រើនទៀតជាមួយកម្ពុជា។ ជាក់ស្តែងនៅថ្ងៃទី៧ ខែកុម្ភៈ​នេះ​ទាហាន​ឈ្លាន​ពាន​ថៃ​បាន​បន្ត​យក​ទូ កុងតឹន័រចំនួន ៥០ទូ បន្ថែម​ទៀត​មក​ដាក់​ពាំង​ផ្លូវ​លើ​ដែន​អធិប​តេយ្យ​ក​ម្ពុជា ស្ថិតនៅតំបន់ថ្មដា ស្រុកវាលវែងខេត្តពោធិ៍សាត់ បើ​ទោះ​បី​ជា​ក្រុម​អ្នក​សង្កេត​ការណ៍​អាស៊ាន (AOT) កំពុងស្ថិតនៅទីនោះក្តី។

សូមរំលឹកផងដែរថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និង​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​ បានចេ​ញ​លិខិត​តវ៉ា​ជា​បន្ត​បន្ទា​ប់ប្រឆាំង​យ៉ាង​ដាច់​អហង្ការ​ចំពោះ​អំពើ​រំលោភ​បំពាន​យ៉ាង​កំរោល​ចូល​ពីសំណាក់ទាហានឈ្លានពានថៃ និងតែងតែបញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ពី​គោល​ជំហរ​របស់​ខ្លួនក្នុ​ងកា​រអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់, កិច្ចព្រមព្រៀងនានា ហើយមិន​តែ​ប៉ុណ្ណោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដាច់​ខាត​មិន​ទទួល​ស្គាល់​ការ​កែប្រែ​ខ្សែព្រំ​ដែន​ណា​មួយ​ដោយ​ការ​ប្រើ​ប្រាស់​កម្លាំង​យោធា​នោះឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *