ភ្នំពេញ៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្ញើសារ អបអរសាទរទិវាកិច្ចប្រជុំអាស៊ី-អឺរ៉ុប នៅថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៦នេះ ខណៈកិច្ចប្រជុំនេះគឺជាស្ពានតភ្ជាប់ទ្វីប វប្បធម៌ សេដ្ឋកិច្ច និងប្រជាជនប្រទេសជាដៃគូរចំនួន ៥៣ មកពីតំបន់អាស៊ី និងអឺរ៉ុប។

តាមរយៈសារអបអរសាទរ ប្រមុខការទូតកម្ពុជា បានថ្លែងថា ថ្ងៃនេះយើងប្រារព្ធទិវាកិច្ចប្រជុំអាស៊ី-អឺរ៉ុប ១មីនា២០២៦ ដែលជាការកត់សម្គាល់នូវព្រឹត្តិការណ៍ សំខាន់មួយនៃភាពជាដៃគូយូរអង្វែងរវាងតំបន់អាស៊ី និងអឺរ៉ុប។ ឯកឧត្តមបានថ្លែងថា ទិវាកិច្ចប្រជុំអាស៊ី-អឺរ៉ុប រំលឹកអំពីការ ចាប់ផ្តើមនៃវេទិកាអន្តររដ្ឋាភិបាលដ៏ពិសេសមួយ ដែលតភ្ជាប់នូវតំបន់ចំនួនពីរដ៏សម្បូរបែប និងពោរពេញ ដោយភាពស្វាហាប់នៃពិភពលោកយើង។
«ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៣០នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង តាងនាមរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រ កម្ពុជា សូមពាំនាំនូវអំណរសាទរយ៉ាងកក់ក្តៅ និងសព្ទសាធុការពរដ៏មហាប្រសើរជូនដល់ប្រជាជននៅ ទូទាំងតំបន់អាស៊ី និងអឺរ៉ុប សូមឱ្យបានប្រកបដោយសន្តិភាព សុភមង្គល ការអភិវឌ្ឍដោយចីរភាព និង វិបុលភាពជានិរន្តរ៍»។ នេះបើតាមសាររបស់ប្រមុខកាទូតកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្តថា ក្នុងពេលបីទសវត្សរ៍កន្លងមកនេះ កិច្ចប្រជុំអាស៊ី-អឺរ៉ុបបានដើរតួជាវេទិកាដ៏សំខាន់មួយសម្រាប់ ការសន្ទនា កិច្ចសហប្រតិបត្តិការ និងការស្វែងយល់ពីគ្នាទៅវិញទៅមក។ ក្នុងនាមជាវេទិកា ដែលចងក្រងដៃគូចំនួន៥៣ មកពីតំបន់អាស៊ី និងអឺរ៉ុប រួមមានរដ្ឋ និងស្ថាប័ន ដូចជាសហភាពអឺរ៉ុប និងលេខាធិការដ្ឋានអាស៊ាន កិច្ចប្រជុំអាស៊ី-អឺរ៉ុបតំណាងឱ្យជាងពាក់កណ្តាលនៃទំហំផលិតផលក្នុងស្រុក សរុបប្រជាជន ពាណិជ្ជកម្ម និងទេសចរណ៍របស់ពិភពលោកទាំងមូល។ កិច្ចប្រជុំអាស៊ី-អឺរ៉ុបគឺពិតជា ស្ពានតភ្ជាប់ទ្វីប វប្បធម៌ សេដ្ឋកិច្ច និងប្រជាជន។
ឯកឧត្តមបន្តថា ភាពជាដៃគូក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុបកំពុងតែមានសារៈសំខាន់ជាងពេលណាៗទាំងអស់ក្នុងកាលៈទេសៈសព្វថ្ងៃ ដែលសកលលោកកំពុងឆ្លងកាត់នូវការប្រែប្រួលដ៏ឆាប់រហ័ស ជាមួយនឹងបញ្ហាប្រឈមឆ្លងដែនដូចជា ការប្រែប្រួលអាកាសធាតុ បរិវត្តកម្មឌីជីថល ភាពធន់នៃសុខភាពសាធារណៈ និងការអភិវឌ្ឍដោយចីរភាព។ ចំណុចខ្លាំងរបស់កិច្ចប្រជុំអាស៊ី-អឺរ៉ុបគឺស្ថិតនៅលើទម្រង់មិនផ្លូវការ និងភាពបត់បែននៃវេទិកានេះ ដែលអនុញ្ញាតឱ្យដៃគូទាំងឡាយអាចចូលរួមក្នុងការសន្ទនាដោយបើកចំហ កសាងទំនុកចិត្ត និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងលើសសរស្តម្ភសំខាន់ៗចំនួនបីគឺ ការសន្ទនានយោបាយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការប្រាស្រ័យទាក់ទងផ្នែកសង្គម-វប្បធម៌។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា ការប្រារព្ធទិវានៃកិច្ចប្រជុំអាស៊ី-អឺរ៉ុបក្នុងឆ្នាំនេះមិនត្រឹមតែជាការអបអរសាទរសមិទ្ធផល ដែល សម្រេចបានកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងចំពោះពហុភាគីនិយម កំណើនប្រកបដោយបរិយាបន្ន និងសណ្តាប់ធ្នាប់អន្តរជាតិដែលមានមូលដ្ឋានលើច្បាប់។ នេះគឺជាទិវាដែលរំលឹកថា តំបន់អាស៊ី និងអឺរ៉ុប អាចរួបរួមគ្នាជាកម្លាំងដ៏មានឥទ្ធិពលសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាព។
ឯកឧត្តមមានប្រសាសន៍ថា ក្រៅពីកិច្ចប្រជុំកម្រិតខ្ពស់ អ្វីដែលផលដ៏មានឥទ្ធិពលពិតប្រាកដនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប គឺទំនាក់ ទំនងដែលវេទិកានេះបានបង្កើតឡើងក្នុងរង្វង់មជ្ឈដ្ឋាននិស្សិត អ្នកសិក្សា អាជីវកម្ម សមាជិកសភា និង សង្គមស៊ីវិល។ តាមរយៈការផ្លាស់ប្តូរលើវិស័យអប់រំ ភាពជាដៃគូនវានុវត្តន៍ និងកិច្ចសន្ទនាផ្នែកវប្បធម៌ វេទិកានៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប បានពង្រឹងចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន ក៏ដូចជាការគោរព គ្នាទៅវិញទៅមករវាងសហគមន៍ដ៏ចម្រុះបែប នៅទូទាំងតំបន់ទាំងពីរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ថា ក្នុងឱកាសប្រារព្ធទិវានៃកិច្ចប្រជុំអាស៊ី-អឺរ៉ុបឆ្នាំ២០២៦ យើងទាំងអស់គ្នាត្រូវធ្វើការប្តេជ្ញាចិត្តជា ថ្មីសហការគ្នាក្នុងសាមគ្គីភាព និងភាពជាដៃគូ ទាញយកអត្ថប្រយោជន៍ពីចំណុចខ្លាំងរួមរបស់យើង ដែលរួមមានដូចជា នវានុវត្តន៍ ភាពចម្រុះ ភាពធន់ និងភាពច្នៃប្រឌិត ដើម្បីកសាងអនាគតដែលមាន និរន្តរភាព បរិយាបន្ន និងសន្តិភាពសម្រាប់ប្រជាជនជំនាន់ក្រោយៗតរៀងទៅ៕
