ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានជំរុញឱ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សជម្រើសថ្មី (AfD) អាល្លឺម៉ង់ ពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមជាមួយគ្នា។

សម្តេចតេជោ ហ៊ុន សែន បានជំរុញបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក ភីតធឺ អាល់មែន (Peter Altmann) សមាជិកក្រុមប្រឹក្សាភិបាលនៃគណបក្សជម្រើសថ្មី របស់អាល្លឺម៉ង់ (AfD) មានមូលដ្ឋានប្រចាំទីក្រុង Karlsruhe ប្រទេសអាល្លឺម៉ង់ ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦នេះ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះលោក ភីតធឺ អាល់មែន ក្នុងដំណើរមកកាន់ប្រទេសកម្ពុជា។ សម្ដេចតេជោ សង្ឃឹមថា ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា លោកនឹងទទួលបានការរីករាយ និងបានទស្សនានូវការអភិវឌ្ឍនានា និងបានឃើញនូវកម្ពុជាពិតតាមរយៈទិដ្ឋភាពជាក់ស្ដែង។
លោក ភីតធឺ អាល់មែន បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យរូបលោកបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ លោកបានលើកឡើងថា លោកធ្លាប់តែអាននូវប្រវត្តិសាស្រ្ដ និងប្រវត្តិរបស់សម្ដេចតេជោ ឬក៏ឮឈ្មោះសម្ដេចតេជោ នៅតាមប្រព័ន្ធផ្សព្វផ្សាយនានានៅតំបន់អឺរ៉ុប ជាពិសេសនៅប្រទេសកំណើតរបស់លោក ប៉ុន្ដែនៅថ្ងៃនេះ លោកមានឱកាសបានជួបសម្ដេចតេជោ ដោយផ្ទាល់ដោយលោកពិតជាស្ញប់ស្ញែងចំពោះការពលីកម្មក្នុងការដឹកនាំប្រទេសកម្ពុជានាពេលកន្លងមក។
លោក ភីតធឺ អាល់មែន បានសរសើរចំពោះប្រទេសកម្ពុជា ដែលមានការអភិវឌ្ឍ ជាពិសេសលោកបញ្ជាក់ថា កម្ពុជា គឺជាប្រទេសដ៏ស្រស់ស្អាត ហើយលោកពិតជាស្រឡាញ់ចំពោះប្រទេសកម្ពុជាខ្លាំងណាស់នៅពេលដែលលោកបានមកដល់ដោយផ្ទាល់នៅកម្ពុជា។
ក្នុងឱកាសនោះសម្ដេចតេជោ និងលោក ភីតធឺ អាល់មែន បានពិភាក្សាអំពីទិសដៅខាងមុខដើម្បីពិនិត្យមើលលទ្ធភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសនៅក្នុងក្របខណ្ឌនៃគណបក្សប្រជាជនកម្ពុជា និងក្របខណ្ឌនៃគណបក្សជម្រើថ្មី លើពីនេះជំរុញទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសអាល្លឺម៉ង់ផងដែរ៕
