កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃ MOU ២០០១

សម្ដេចធិបតី​បានលើកឡើងថា សម្ដេចបានឮថា ថ្នាក់ដឹកនាំថៃ ជាពិសេសរដ្ឋមន្ត្រីការបរទេស បាន​និយាយថា ដោយសារកម្ពុជាបានទៅប្រើយន្តការរបស់អង្គការសហប្រជាជាតិ នោះទ្វារ​សម្រាប់​ការ​ចរចាព្រំដែនគោកត្រូវបានបិទ។ សម្ដេចបានបញ្ជាក់ថា ការលើកឡើង​នេះ​មិន​សូវ​ត្រឹម​ត្រូវ​ហើយ​ក៏មិ​នសូវយុត្តិធម៌ដែរ ដោយសារហេតុផលពីរ។

សម្ដេចបានបញ្ជាក់ថា ទីមួយ៖ មូលហេតុដែល​យើង​ទៅប្រើ​កា​រ​ផ្សះ​ផ្សាដោ​យ​ចាប់​បង្ខំ​ក្រោម​អនុសញ្ញា ​(UNCLOS) របស់អង្គការសហប្រជាជាតិ គឺដោយសារ​ប្រទេសថៃ​បាន​សម្រេច​លុប​ចោល​អនុស្សរណៈយោគយល់ (MOU) ឆ្នាំ២០០១ ដែលជាកិច្ចព្រម​ព្រៀង​ទ្វេភាគី​តែ​មួយ​គត់​រវាង​កម្ពុជា ​និងថៃស្តីពីដែនសមុទ្រ។ អស់រយៈពេលប្រហែល១៥ឆ្នាំ រដ្ឋាភិបាលថៃជាច្រើនជំនាន់ និង​កម្ពុជាបានខិតខំធ្វើការលើមូលដ្ឋាននៃ MOU នេះ ដើម្បីស្វែងរកដំណោះស្រាយ រួមទាំង​ការ​អភិវឌ្ឍ​រួម​។ ក្នុងអំឡុងពេលខ្ញុំកាន់តំណែង យើងក៏បានធ្វើការ​ជាមួយ​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ពីរ​រូប​ផង​ដែរ​។ ប៉ុន្តែទោះបីយើងបានស្នើសុំឱ្យថៃកុំលុបចោល MOU នេះក៏ដោយ ថៃនៅតែ​សម្រេច​លុប​ចោល​។ ​ដូច្នេះ យើងគ្មានជម្រើសផ្សេងក្រៅពីទៅប្រើយន្តការផ្សះផ្សានោះទេ។

សម្ដេចបន្តថា ទីពីរ៖ មិនមានលក្ខខណ្ឌ ឬកិច្ចព្រមព្រៀង​ណាមួយ​ដែល​ហាម​ឃាត់​សកម្ម​ភាព​នេះ​ឡើយ​។

ត្រង់​សំសំណួរបន្ត៖ ហាក់ដូចជាកម្ពុជា និងថៃមានទស្សនៈ​ខុសគ្នាចំ​ពោះអ្វី​ដែ​ល​គួរ​ត្រូវ​បាន​ពិភាក្សា​នៅ​ក្នុងដំណើរការរបស់អង្គការសហប្រជាជាតិ។ ថៃចង់ផ្តោតលើការកំណត់ព្រំដែនសមុទ្រ ខណៈ​កម្ពុជាចង់ផ្តោតលើការអភិវឌ្ឍរួមនៅតំបន់ដែលមានការអះអាងត្រួតស៊ីគ្នា។ ក្នុងនាម​ជា​កាយ​វិការ​នៃ​ឆន្ទៈល្អ តើកម្ពុជាអាចពិចារណា​កំណត់​វិសាលភាព​នៃ​ការ​ពិភាក្សា​ឱ្យផ្តោ​ត​តែ​លើ​ការ​កំណត់​ព្រំដែន​សមុទ្រដែរឬទេ?

ជាការឆ្លើយតប៖ សម្ដេចធិបតីបានបញ្ជាក់ថា សម្ដេចគិតថា វានៅឆាប់ពេកក្នុងការ​និយាយ​អំ​ពី​រឿ​ង​នេះ​។ យើងត្រូវព្រមព្រៀងគ្នាលើដំណើរការតែងតាំងអាជ្ញាកណ្តាលជាមុនសិន។ ឥឡូវនេះ ភាគី​ទាំង​ពីរ​បានតែងតាំងអាជ្ញាកណ្តាលពីររូបរួចហើយ ហើយយើងកំ​ពុង​ធ្វើ​ការ​លើកា​រ​ជ្រើស​រើស​ប្រធា​ន​អាជ្ញា​កណ្តាល ដែលជាសមាជិកទី៥។

ត្រង់សំណួរបន្តថា៖ ដូច្នេះសម្រាប់ពេលនេះ ការកំណត់វិសាលភាព​នៃ​ការ​ពិភាក្សា​មិន​មែន​ជា​ជម្រើស​ដែល​កម្ពុជានឹងពិចារណាទេឬ?

សម្ដេចធិបតីបាន​ឆ្លើត​តបវិញថា វាមិនមែនជាសំណើដែលកម្ពុជាបានលើកឡើងទេ។ កម្ពុជា​បាន​ស្នើ​ឱ្យ​ពិភាក្សាទាំងការកំណត់ព្រំដែន និងការអភិវឌ្ឍរួម។ ប៉ុន្តែដូចសម្ដេចបាននិយាយ សម្រាប់​ដំណាក់​កាល​នេះ សូមផ្តោតលើការធ្វើឱ្យដំណើរការចាប់ផ្តើមទៅមុខសិន៕

Leave a Reply

Your email address will not be published. Required fields are marked *