សម្តេចប្រធានរដ្ឋសភា៖ កិច្ចប្រជុំលើកទី៩ APPF-GH មិនត្រឹមតែជាការផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ ដើម្បីលើកកម្ពស់សេវាសុខភាពជូនពលរដ្ឋប៉ុណ្ណោះទេ តែជាការភ្ជាប់ទំនាក់ទំនង ចំណងមិត្តភាព និងភាពជាដៃគូយ៉ាងស្និទ្ធស្នាលផងដែរ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីលៀងសាយភោជ ជូន គណៈប្រតិភូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៩ នៃវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល (9th APPF-GH) នៅសណ្ឋាគារ Shangri-La ក្នុងរាជធានីភ្នំពេញ។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះវត្តមានថ្នាក់ដឹកនាំ សមាជិករដ្ឋសភា រដ្ឋាភិបាល និងដៃគូអន្តរជាតិទាំងអស់ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ សម្តេចគូសបញ្ជាក់ថា វត្តមានរបស់ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណៈប្រតិភូទាំងអស់ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីគុណតម្លៃដ៏អស្ចារ្យ ដែលយើងបានរួមគ្នាផ្តល់ឱ្យវេទិកាដ៏មានសារៈសំខាន់នេះ ព្រមទាំងស្តែងឡើងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះសេវាគ្របដណ្តប់សុខភាពជាសកល ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិប្រែប្រួលអាកាសធាតុ និងការវិវឌ្ឍរីកចម្រើនយ៉ាងរហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។

សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍បន្តថា ជាមួយគ្នានេះ វត្តមានគណៈប្រតិភូចំនួន ១៥ ប្រទេស ដែលបានចូលរួមកិច្ចប្រជុំនាឱកាសនេះ ក៏ជាការកសាងនូវទំនាក់ទំនង ចំណងមិត្តភាព និងភាពជាដៃគូយ៉ាងស្និទ្ធស្នាល ក្នុងការលើកកម្ពស់ផលប្រយោជន៍ពលរដ្ឋផងដែរ។ សម្តេចបានសង្កត់ធ្ងន់ថា កិច្ចប្រជុំពិភាក្សាពេញមួយថ្ងៃកន្លងមកនេះ មិនត្រឹមតែបានស្តែងឡើងនូវខ្លឹមសារយ៉ាងមានជម្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តនយោបាយយ៉ាងរឹងមាំ នោះគឺការនាំមកនូវការកែលម្អយ៉ាងពិតប្រាកដ និងសមិទ្ធផលជាក់ស្តែង លើសេវាសុខាភិបាល និងសុខុមាលភាពរបស់ប្រជាជនគ្រប់រូប នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់យើង និងនៅលើសកលលោក «យើងត្រូវធ្វើឱ្យប្រាកដថា គ្មាននរណាម្នាក់ត្រូវបានបោះបង់ចោលឡើយ»។ ប្រជាពលរដ្ឋគ្រប់រូបត្រូវតែទទួលបានផ្លែផ្កាពិតប្រាកដពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងនេះ។

កិច្ចប្រជុំលើកទី៩ នៃវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល ដែលសភានៃព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ មានរយៈពេលបីថ្ងៃ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សេវាគ្របដណ្តប់សុខភាពជាសកល ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI) និងបរិបទនៃការប្រែប្រួលអាកាសធាតុ»។

លោកវេជ្ជបណ្ឌិត សាយយ៉ា ម៉ាអ៊ូ ពីយូកាឡា (Dr. Saia Ma’u Piukala) នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បានថ្លែងអំណរគុណជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភាក៏ដូចជាសភានៃព្រះរាជាណាចក្រកម្ពុជា ទាំងមូលដែលបានទទួលស្វាគមន៍គណៈប្រតិភូយ៉ាងកក់ក្តៅ។ លោកបានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះការទទួលរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះរបស់សភាកម្ពុជា។ ពេញមួយថ្ងៃមកនេះ អ្នកចូលរួមបានធ្វើការប្រជុំនិងផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នា យ៉ាងស្និទ្ធស្នាលបំផុតក្នុងគោលបំណងដើម្បីសុខភាពពលរដ្ឋ។ តាមរយៈដំណើរទស្សនកិច្ចស្វែងយល់ពីការផ្តល់សេវាសុខាភិបាលនៅក្នុងខេត្តកំពតផងនោះ គណៈប្រតិភូនឹងទទួលបានឱកាសពិសេស បន្ថែមទៀតក្នុងការ ស្វែងយល់កាន់តែច្បាស់អំពីប្រទេសកម្ពុជា។

ក្នុងនាមពលរដ្ឋកម្ពុជា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការ និងការគាំទ្ររបស់គណៈប្រតិភូទាំងអស់ ដល់កិច្ចប្រជុំលើកទី៩ នៃវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល ឱ្យដំណើរការទៅដោយរលូន និងទទួលបានផ្លែផ្កាជាទីមោទនៈ។ សម្តេចសូមឱ្យការស្នាក់នៅរបស់គណៈប្រតិភូទាំងអស់ នៅរាជធានីភ្នំពេញ ដែលជាបេះដូងកម្ពុជា ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ ប្រកបដោយក្តីរីករាយ និងផាសុកភាព នាំមកនូវការចងចាំ និងអនុស្សាវរីយ៍ដ៏ល្អ៕

Leave a Reply

Your email address will not be published. Required fields are marked *