ភ្នំពេញ៖ ប្រទេសកម្ពុជានឹងរៀបចំវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum – 3 DTF) មានរយៈពេល ៣ ថ្ងៃ ចាប់ពីនៅថ្ងៃទី១១-១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមមូលបទ «ជំរុញពាណិជ្ជកម្ម ឌីជីថលកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ថា វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីបន្តនូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យពាណិជ្ជកម្ម, ពង្រឹងប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មឌីជីថល, និងបង្កើនលទ្ធភាពរបស់ធុរកិច្ចកម្ពុជា។ ជាពិសេស សហគ្រាសធុនមីក្រូ តូច និងមធ្យម, សហគ្រិនស្ត្រី និងយុវជន ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីពង្រីកទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ។
ឯកឧត្តម បន្ថែមទៀតថា វេទិកានេះ បានសហការរៀបចំ និងគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ស្ថានទូតសហរដ្ឋអាមេរិក, ស្ថានទូត ព្រឹតថេន(ចក្រភពអង់គ្លេស), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), និងសហគ្រិនខ្មែរ ហើយ វេទិកាឆ្នាំនេះ មិនត្រឹមតែជាកន្លែងសម្រាប់ការពិភាក្សា និងការតាំងពិព័រណ៍ប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាសម្រាប់ការអនុវត្ត, ការសាកល្បង, ការផ្សារភ្ជាប់ទីផ្សារ, និងការបង្កើតប្រតិបត្តិការពាណិជ្ជកម្មជាក់ស្តែង។
ឯកឧត្តមបានអំពាវនាវដល់សាធារណជន សហគ្រិន សហគ្រាសធុនមីក្រូ តូច និងមធ្យម សហគ្រិនស្ត្រី យុវជន និស្សិត និងអ្នកចាប់អារម្មណ៍លើបច្ចេកវិទ្យា និងពាណិជ្ជកម្ម មកចូលរួមឱ្យបានច្រើនកុះករ ហើយ ក៏បានអំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកាទាំងអស់ ជួយផ្សព្វផ្សាយអំពីកម្មវិធីនេះ និងជួយលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីសារៈសំខាន់នៃពាណិជ្ជកម្មឌីជីថល និងការគាំទ្រផលិតផលកម្ពុជា។
វេទិកានេះរៀបចំឡើងគោលបំណងសំខាន់ៗ រួមមាន ៖ ទី១-បង្កើតកិច្ចសន្ទនារវាងរាជរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអ្នកជំនាញ អំពីទិសដៅអភិវឌ្ឍពាណិជ្ជកម្មឌីជីថលកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០។ ទី២-ជំរុញការប្រើប្រាស់បច្ចេកវិទ្យា និងពាណិជ្ជកម្មអេឡិចត្រូនិករបស់សហគ្រាសកម្ពុជា ដើម្បីពង្រីកទីផ្សារ និងបង្កើនភាពប្រកួតប្រជែង។ ទី៣-បង្កើតឱកាសផ្សារភ្ជាប់ធុរកិច្ចរវាងសហគ្រាសកម្ពុជា និងក្រុមហ៊ុនដៃគូ និងទីផ្សារអន្តរជាតិ។
ទី៤-ជំរុញការចូលរួមរបស់ស្ត្រី និងយុវជនក្នុងសេដ្ឋកិច្ច និងពាណិជ្ជកម្មឌីជីថល។ ទី៥-ពង្រឹងទំនុកចិត្ត សុវត្ថិភាព និងការទទួលខុសត្រូវក្នុងប្រព័ន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និង ទី៦-ជំរុញឱ្យការប្រើប្រាស់ប្រព័ន្ធឌីជីថលនាំទៅរកលទ្ធផលពាណិជ្ជកម្មជាក់ស្តែងសម្រាប់សហគ្រាសកម្ពុជា៕អត្ថបទ៖ ធូ វិរៈ

