ធនាគារនីហរ័ណ-អាហរ័ណចិន បានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ជាង២ទស្សវត្សន៍មកនេះ ទំហំ ឥណទានសម្បទានសរុបប្រមាណ ៥ ៩០០ លានដុល្លារអាមេរិក គាំទ្រដល់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធស្ពាន-ថ្នល់ ប្រព័ន្ធធារា សាស្រ្ត អគ្គិសនី និងវិស័យផ្សេងទៀត។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦, បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Chen Huaiyu ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារនីហរ័ណ-អាហរ័ណចិន (China Eximbank) និងសហការី, ក្នុងជំនួបនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានលើកឡើងអំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ដែលមានជាយូរលង់មកហើយ ជាមិត្តដែកថែប និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកម្ពុជា-ចិនកាន់តែរីកធំធាត់ឡើង ចាប់ពីកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ មកជា សហគមន៍វាសនារួមកម្ពុជា-ចិន និងបច្ចុប្បន្នបានលើកកម្រិតដល់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួម ក្នុងយុគសម័យថ្មី គ្រប់រដូវកាល ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្ថែមថា ជុំវិញការការអភិវឌ្ឍ, China Eximbank គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា ដោយបានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា គិតក្នុងរយៈពេលជាង ២ ទស្សវត្សន៍មកនេះ ទំហំឥណទាន សម្បទានពី China Eximbank មានចំនួនសរុបប្រមាណ ៥ ៩០០ លានដុល្លារអាមេរិក ដោយបានធ្វើហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសរុបចំនួន ៧១ គម្រោង ក្នុងនោះមានវិស័យហេដ្ឋារចនាសម្ព័ន្ធស្ពាន-ថ្នល់ ចំនួន ៣៨ គម្រោង មាន ប្រវែងសរុបជាង ៣ ពាន់គីឡូម៉ែត្រ, ស្ពានឆ្លងទន្លេសាបចំនួន ២ កន្លែង, ស្ពានឆ្លងទន្លេមេគង្គ ៤ កន្លែង, និងស្ពានឆ្លងទន្លេបាសាក់ ៤ កន្លែង, វិស័យប្រព័ន្ធធារាសាស្រ្តមាន ១៧ គម្រោង, វិស័យអគ្គិសនី ១២ គម្រោង និងវិស័យផ្សេងទៀតមាន ៤ គម្រោងផងដែរ។
ឯកឧត្តម Chen Huaiyu បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ។ ចំណងមិត្តភាពយូរអង្វែង និងទំនាក់ទំនងដ៏ល្អ បានពូនជ្រុំដោយថ្នាក់ដឹកនាំ ប្រទេសទាំងពីរ ទទួលនូវសមិទ្ធិផលផ្លែផ្កាជាច្រើន ពីកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ។ ឯកឧត្តមក៏បានគូស បញ្ជាក់នូវជំហររឹងមាំរបស់ China Eximbank ក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយរាជរដ្ឋាភិ- បាលកម្ពុជា ដើម្បីគាំទ្រដល់ដំណើររបស់កម្ពុជាឆ្ពោះទៅវិបុលភាពសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។
ភាគីទាំងពីរក៏បានពិភាក្សាអំពីការកិច្ចសហការបន្ត លើការងារសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណន តេជោ អាចសម្រេចបានតាមការរំពឹងទុក ដោយក្នុងនោះភាគីមិត្តនឹងបន្តជួយគាំទ្រស្វែងរកដៃគូវិនិយោគបន្ថែមទៀត ក្នុងដំណាក់កាលបន្ត បន្ទាប់នៃដំណើរការព្រែកជីក លើកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុសម្រាប់គម្រោង ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យផ្សេង ទៀតដូចជា ការទាក់ទាញ វិនិយោគិនពីវិស័យឯកជន, ថាមពលអគ្គិសនី, បញ្ញាសប្បនិមិត្ត, ពាណិជ្ជកម្ម, ទំនាក់ទំនង និងការផ្លាស់ ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទំាងពីរផងដែរ៕អត្ថបទ៖ សុន រ៉ា
ឌី
