គ្មានថ្ងៃបន្ធូរដៃឱ្យក្រុមឧក្រិដ្ឋជន៖ នគរបាលជាតិបង្ក្រាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅបាវិត ឃាត់ខ្លួនជនបរទេស ជាង២០០០នាក់!

ស្វាយរៀង៖ កម្ពុជាមិនបន្ធូរដៃឡើយ ក្នុងប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។

នៅថ្ងៃបង្ហើយ នៃខែមករាឆ្នាំ២០២៦ ពោលគឺនាព្រឹកមិញនេះតែម្ដង កម្លាំងនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ក្នុងបរិវេណកាស៊ីណូវ៉ាន់ឆឹង (A7) ដែលមានអគារចំនួន២២ ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានប្រសាសន៍ឱ្យដឹងថា ប្រតិបត្តិការទ្រង់ទ្រាយធំនេះ ទទួលដឹកនាំអនុវត្តដោយលោកឧត្តមសេនីយ៍ឯក ជីវ ផល្លី និងលោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រើកម្លាំងជំនាញសរុបប្រមាណ៧០០នាក់ ហើយជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនបរទេសសរុបដល់ទៅ២០៤៤នាក់ ក្នុងនោះជនជាតិចិន១៧៩២នាក់ វៀតណាម១៧៧នាក់ មីយ៉ាន់ម៉ា១៧៩នាក់ នេប៉ាល់៣០នាក់ ចិនតៃវ៉ាន់៥នាក់ ម៉ាឡេស៊ី១នាក់ ឡាវ២នាក់ ឥណ្ឌា ៣៦នាក់ និងជនជាតិម៉ិកស៊ិក១នាក់។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានសង្កត់ធ្ងន់ក្នុងន័យដើមថា លទ្ធផលនៃកិច្ចប្រតិបត្តិការនេះ គឺជាការបញ្ជាក់ជូនសាធារណមតិជាតិ និងអន្តរជាតិ ថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលក្នុងនោះក៏មានក្រសួងមហាផ្ទៃ ជាសេនាធិការស្នូល គ្មានថ្ងៃបន្ធូរដៃឱ្យក្រុមឧក្រិដ្ឋជន មានឱកាសប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scame) ជាដាច់ខាត បើទោះបីជាពេលនេះ រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា បានកំពុងរ៉ាប់រងបន្ទុកដោះស្រាយផលប៉ះពាល់បង្កឡើងដោយអំពើឈ្លានពានពីប្រទេសជិតខាងក៏ដោយ។ លោកបានសង្កត់ធ្ងន់ក្នុងន័យដើមទៀតថា «ខ្ញុំសូមបញ្ជាក់ម្ដងហើយម្ដងទៀត ពិសេសប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ថា កម្ពុជាមិនមែនជាទីជម្រកសុវត្ថិភាពរបស់ជនល្មើសទេ តែជាឋាននរករបស់ជនល្មើស»។

គួរកត់សម្គាល់ថា ឈរលើមរតកនៃនយោបាយដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដោយមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រធាន។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាអនុប្រធានមួយរូបនៃគណៈកម្មការនេះ ខណៈឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏ស្ថិតក្នុងចំណោមសមាជិកគណៈកម្មការផងដែរ។

តាមរយៈយន្តការថ្មីបន្ថែមទៀតនេះ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចំនួន ៤៨លើក ឃាត់ខ្លួនបញ្ជូនទៅតុលាការចំនួន១៦៨នាក់ និងបណ្ដេញចេញពីកម្ពុជាទៅប្រទេសកំណើត ចំនួន ២.៧២២នាក់។ ឈានចូលខែមករា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជា ក៏បានចាប់ខ្លួនមេខ្លោងដ៏ធំមួយដែលប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឈ្មោះ ចេន ហ្ស៊ី រួមទាំងបក្សពួក បញ្ជូនទៅប្រទេសចិន បន្ទាប់ពីបានស៊ើបអង្កេតជាច្រើនខែ។

បើតាមលោក ទូច សុឃៈ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ក៏បាននិងកំពុងអនុវត្តកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ជាមួយបណ្ដាប្រទេសជាច្រើនទាំងក្នុង និងក្រៅតំបន់ ដោយក្នុងនោះក៏មានការចែងអំពីកិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ផងដែរ។ អ្នកនាំពាក្យរូបនេះបានរំលឹកដោយសង្កត់ធ្ងន់ថា តាំងពីដើមនីតិកាលទី៧មក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកំណត់យកការបង្ក្រាបបទល្មើសក្នុងសង្គម ជាកិច្ចការអាទិភាពមួយ ក្នុងចំណោម៦ កិច្ចការអាទិភាពដែលត្រូវយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់បំផុត។ ក្នុងរយៈពេលចុងក្រោយនេះទៀត សម្រាប់ករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឯកឧត្តមបានសង្កត់ធ្ងន់ថា មន្ត្រីក្រសួងមហាផ្ទៃរូបណាក៏ដោយ ដែលបណ្ដែតបណ្ដោយ ឬជាប់ពាក់ព័ន្ធនឹងបទល្មើសនេះ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ រួមទាំងការដកពីមុខតំណែង និងការបណ្ដេញចេញពីក្របខ័ណ្ឌ៕

 

Leave a Reply

Your email address will not be published. Required fields are marked *