រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ

ភ្នំពេញ: អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ និងគោរពច្បាប់អន្តរជាតិ។

តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១ ខែកុម្ភៈនេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។

ឯកឧត្តមថ្លែងថា កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងជាដាច់ខាត។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដើម្បីបុព្វហេតុការពារអធិបតេយ្យភាព និងបូរណភាពទឹកដីក៏ដូចជាការពារសេចក្តីសុខរបស់ប្រជាពលរដ្ឋគ្រប់រូប តាមរយៈការគោរពយ៉ាងម៉ឺងម៉ាត់នូវស្មារតីនៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈយន្តការដែលមានស្រាប់ និងស្របតាមស្មារតីនៃអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ ដែលជាដំណោះស្រាយប្រកបដោយយុត្តិធម៌ ត្រឹមត្រូវ និងតម្លាភាព ទោះបីជាភាគីថៃលើកមូលហេតុអំពីបញ្ហាផ្ទៃក្នុងរបស់ខ្លួនពាក់ព័ន្ធការបោះឆ្នោតក៏ដោយ ក៏ភាគីកម្ពុជានៅតែរម្លឹកនិងទាមទារឱ្យភាគីថៃអនុវត្តជានិច្ចតាមរយៈការបញ្ជូនក្រុមការងារវាស់វែងចុះធ្វើការនៅលើដីជាក់ស្តែងដោយមិនបង្អែរបង្អង់ឡើយ៕

 

Leave a Reply

Your email address will not be published. Required fields are marked *