មន្រ្ដីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា៖ នយោបាយ «ឈ្នះ ឈ្នះ» ជាឱសថ​ទិព្វ​ព្យាបាល​សង្គ្រាម​រ៉ាំរ៉ៃ និងកសាងសុខសន្តិភាពសម្រាប់កម្ពុជា

ភ្នំពេញ: ថ្លែងក្នុងបាឋកថាស្តីពី «ជំហានដំបូងនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ចេញពីតំបន់ឱរ៉ាល់ ឆ្ពោះ​ទៅ​សំឡូត» ឯកឧត្តម កែវ ពង្ស សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណប​ក្ស​ប្រជាជន​កម្ពុជា ​និងជាទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា បានមានប្រសាសន៍ថា នយោបាយ «ឈ្នះ ឈ្នះ» ប្រៀបបានជាឱសថទិព្វ ដែលជួយ​ព្យាបាល​សង្គ្រាម​រ៉ាំរ៉ៃនៅកម្ពុជា និងការបែកបាក់ជាតិអស់រយៈពេលជាច្រើនទសវត្សរ៍។

ឯកឧត្តមបានសង្កត់ធ្ងន់ថា សុខសន្តិភាពរយៈពេលវែងជាលើកដំបូងមិនធ្លាប់មាន ក្នុង​រយៈ​ពេល​ជាង​ ៥០០ឆ្នាំ ចុងក្រោយនៃប្រវត្តិសាស្ត្ររបស់កម្ពុជា គឺជាផ្លែផ្កានៃនយោបាយ «ឈ្នះ ឈ្នះ» ដែល​បាន​ធ្វើឱ្យខ្មែរឈប់ប្រយុទ្ធគ្នា បិទបញ្ចប់ទំព័រសង្គ្រាម ហើយ​បើក​ទំព័រ​ថ្មី​នៃ​ការ​បង្រួប​បង្រួម​ជាតិ​ឱ្យ​ក្លាយ​ជាកម្លាំងតែមួយក្រោមដំបូលសន្តិភាព។ ជោគជ័យនេះ មិនមែនកើតចេញពីអាវុធ ឬ​អំណាច​យោធា​នោះទេ ប៉ុន្តែជាផលនៃប្រាជ្ញា ទស្សនវិស័យវែងឆ្ងាយ និងភាពក្លាហាន​ក្នុង​ការ​សម្រេច​ចិត្ត​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាមគ្គទេសក៍​ឯក​នៃ​នយោបាយ​ «ឈ្នះ ឈ្នះ»។

ជាមួយគ្នានេះ ឯកឧត្តមបានរំលឹកថា នយោបាយ «ឈ្នះ ឈ្នះ» ឈរលើគោលការណ៍ស្នូល ៣ គឺ ការ​ធានាអាយុជីវិត ធានាទ្រព្យសម្បត្តិ និងការធានាតួនាទី។ គោល​ការណ៍​ទាំង​នេះ​បាន​បង្កើត​ទំនុក​ចិត្ត និងផ្តល់សុវត្ថិភាពដល់គ្រប់ភាគីពាក់ព័ន្ធ បើកផ្លូវដល់ការចរចា​បញ្ចប់​សង្គ្រាម​ដោយ​សន្តិ​វិធី ​ដោយគ្មានការសងសឹក និងគ្មានអ្នកចាញ់។ លើសពីគោលការណ៍ទាំង៣នេះ ឯកឧត្តម​បាន​បន្ថែម​ថា កត្តាសំខាន់បំផុតគឺ «កត្តាតេជោ»។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ​ជា​ស្ថាបនិក និងមគ្គទេសក៍សន្តិភាពដែលឈ្លាសវៃ មានភាពអត់ធ្មត់ ក្លាហាន និងមានការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​អនាគតជាតិ។ សម្ដេច បានត្រួសត្រាយឆ្ពោះទៅ​រក​ផ្លូវ​សន្តិភាព​ដោយ​មិន​មាន​ការ​បង្ហូរ​ឈាម​សូម្បីមួយតំណក់។

ក្នុងនាមជាប្រតិបត្តិករ និងជាសាក្សីរស់នៃដំណាក់កាលប្រវត្តិសាស្ត្រដ៏សំខាន់នេះ ឯកឧត្ត​ម​បាន​បង្ហាញ​ការ​ដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាព និងទស្សនវិស័យដឹកនាំរបស់ សម្តេចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ព្រមទាំងបាន​ចែករំលែក​នូវ​បទ​ពិសោធជា​ក់ស្តែង​របស់​ឯកឧត្តម​ក្នុង​ការ​អនុវ​ត្ត​តាមនយោបាយ ឈ្នះ ឈ្នះ ជាពិសេសមូលដ្ឋានគ្រឹះនៃការគ្រប់គ្រង ការដឹកនាំ និង​ការ​ដោះ​ស្រាយ​បញ្ហា ដល់ថ្នាលយុវជនបក្សជំនាន់ក្រោយ ដើម្បីជាធាតុចូល​ក្នុង​ការ​បំពេញ​ការ​ងារ​ជូន​គណបក្ស និងបន្តថែរក្សាមរតកសន្តិភាពឱ្យបានស្ថិតស្ថេរយូរអង្វែង៕

Leave a Reply

Your email address will not be published. Required fields are marked *