លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ប្រគល់ផ្ទះថ្មី ជូន​ក្រុមគ្រួសារ​របស់វីរយុទ្ធជនពលី

សៀមរាប៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ប្រគល់ផ្ទះថ្មី ជូនក្រុមគ្រួសាររបស់វីរយុទ្ធជនពលី​រស់នៅ​ក្នុង​មូលដ្ឋាន​ខេត្តសៀមរាប។

ក្នុងវេលាដ៏ក្រៀមក្រំនេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួម​រំលែក​មរណ​ទុក្ខ​ដ៏​ក្រៀម​ក្រំ​បំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់​ក្រុម​គ្រួសារ​នៃ​សព​ផងដែរ។

ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត បាននាំយកមកជាមួយនូវអំណោយរបស់ សម្តេចធិបតី និង​លោក​ជំទាវ​បណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនដល់​ក្រុម​គ្រួសារ​នៃសព ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

ជាការដឹងគុណ រាជរដ្ឋាភិបាល រួមទាំង​ប្រជាជន​កម្ពុជា​ទាំ​ង​អស់​សូម​ចង​ចាំ​នូវ​វីរភាព​ដ៏អង់​អាច​ក្លាហាន​របស់វីរកងទ័ព និងវីរនគរបាលជាតិ ដែល​បាន​ពលី​អាយុ​ជីវិ​ត​ដើម្បី​ការពារ​បូរណ​ភាព​ទឹក​ដី ​ក៏ដូចជាការផ្តល់ជូនមកវិញនូវសន្តិភាពជូនជាតិ មាតុភូមិ ។

សូមបញ្ជាក់ផងដែរថា សម្តេចធិបតី បានដាក់ចេញនូវគោលនយោបាយ និងយន្តការ​ជា​ច្រើន​ដើម្បី​ជួយស​​ម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលីដូចជាការផ្តល់ឱ្យមុខរបរចិញ្ចឹមជីវិត ការ​ស្រោច​ស្រង់​សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗបានសិក្សាកម្រិតបរិញ្ញាបត្រ ការរៀបចំ​ឥណទាន​សារ​ជាថ្មី ការដោះស្រាយបំណុលជូនវីរយុទ្ធជនក្នុងសមរភូមិ ថែមទាំងមាន​ការ​គិត​គូរ​បង្កើត​ជា​មូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីទៀតផង។ បន្ថែមពីលើនេះ រាជ​រដ្ឋាភិបាលក៏បាននិងកំពុងជួយសម្របសម្រួលឱ្យជនភៀសសឹកបានទៅផ្ទះសំបែងវិញ ការ​ជួយ​ដោះ​ស្រាយហេដ្ឋារចនាសម្ព័ន្ធ ការជួយបោសសម្អាតអាវុធ គ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និង​ការ​ស្តារ​ជីវភាពរស់នៅប្រចាំថ្ងៃជាដើម៕

 

Leave a Reply

Your email address will not be published. Required fields are marked *