ស្វាយរៀង៖ ពីមួយថ្ងៃទៅមួយថ្ងៃគេសង្កេតឃើញមានជនជាតិវៀតណាមលក់ឆ្នោតវៀតណាមនៅតាមហាងការហ្វេ នានានៅក្នុងក្រុងស្វាយរៀង ខេត្ដស្វាយរៀងជាច្រើននាក់សមត្ថកិច្ចជំនាញក្រុងស្វាយរៀងមិនទាន់បង្ក្រាប។
ប្រភពបានឲ្យដឹងថា៖មានជនជាតិវៀតណាមប្រុសស្រីចាស់ក្មេងមកលក់ឆ្នោតវៀតណាមនេះមានអ្នកខ្លះលក់ដុះស្លែទៅហើយ ពេលខ្លះក៏ឃើញមានសមត្ថកិច្ចជំនាញចុះស្រាវជ្រាវនិងធ្វើការអប់រំណែនាំផងដែរតែមិនដឹងថាមូលហេតុអ្វីនៅតែមានជនជាតិវៀតណាមចូលមកលក់ឆ្នោតនៅទឹកដីនៃក្រុងស្វាយរៀងកាន់តែច្រើនឡើងច្រើនឡើងជាបន្តបន្ទាប់ ដោយមិនដឹងថាចូលមកតាមច្រកព្រំដែនណានោះទេ ហើយមិនដឹងថាជនជាតិវៀតណាមទាំងនេះចូលមកស្របច្បាប់ឬខុសច្បាប់នោះទេ? ម្យ៉ាងវិញទៀតមិនដឹងថាលោកអធិការក្រុងស្វាយរៀងលោកបានជ្រាបរឿងនេះដែរឬទេ ?
ជុំវិញករណីខាងលើនេះភ្ងាក់ងារ អង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកព្រំ សាមាន អធិការរងក្រុងស្វាយរៀង ទទួលបន្ទុកផែន អន្តោប្រវេសន៍ បាននៅឡើយទេដោយទូរសព្ទចូលហើយគ្មានអ្នកទទួល។
គួរបញ្ជាក់ផងដែរថា ដើម្បីទប់ស្កាត់សកម្មភាពចោរកម្ម និងភាពអសកម្មមួយចំនួននៅក្នុងសង្គម រាជរដ្ឋាភិបាលបានដាក់ចេញនៅវិធានការជាច្រើន រួមមានច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង និងគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពជាដើម ដែលបានកំណត់ច្បាស់ថា ការលុបបំបាត់ និងចាត់វិធានការលើបញ្ហាល្បែងស៊ីសងគឺជាគោលដៅអធិភាព។
ជាមួយគ្នានេះ កាលពីពេលថ្មីៗ ប្រមុខរាជរដ្ឋាភិបាល ដាក់ចេញនៅបទបញ្ជា ឲ្យគ្រប់រាជធានីខេត្តលុបបំបាត់ឲ្យអស់នូវរាល់សកម្មភាពល្បែងស៊ីសង និងជាពិសេសល្បែងស៊ីសងអនឡាញ។
ទោះជាយ៉ាងណាក្ដី ពលរដ្ឋសង្ឃឹមនិងជឿជាក់ថា សមត្ថកិច្ចពាក់ពន្ធ័នៅក្នុងក្រុងស្វាយរៀងនិងចុះស្រាវជ្រាវនិងបង្ក្រាបរាល់បទល្មើសល្បែងសុីសងទាំងនោះឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។
អង្គភាពសារព័ត៌មានយើងនិងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬសមុីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ៕

