ភ្នំពេញ៖ លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានជំរុញទៅដល់កងទ័ព ដែលមានស្ត្រីផងដែរនោះ បន្តពង្រឹងសមត្ថភាពការពារជាតិបន្ថែម ខណៈពិភពលោកមានការប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសការរីកចម្រើន នៃបច្ចេកវិទ្យាទំនើបៗ។

ការអំពាវនាវ និងក្រើនរំឭកនេះ ធ្វើឡើងនៅក្នុងពិធីអបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ” និងចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងស្តាប់របាយការណ៍សកម្មភាពការងារ នៅគ្រឹះសា្ថនសាធារណរដ្ឋបាល នៃវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល កងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។
នាឱកាសនោះ លោកជំទាវនាយឧត្តមសេនីយ៍ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំមន្ត្រី និងបុគ្គលិកទាំងអស់ ដែលកន្លងមកបានចូលរួមយ៉ាងសកម្ម ក្នុងវិស័យសុខាភិបាលកងយោធពលខេមរភូមិន្ទ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ។ ការបណ្តុះបណ្តាលបង្ហាត់បង្រៀន ផ្តល់ជំនាញវិជ្ជាជីវៈ បច្ចេកទេសជូនដល់ សិក្ខាកាមយោធិន សិស្សនិស្សិតស៊ីវិល គឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេស ហើយសូមលើកទឹកចិត្ត ឲ្យបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ ការស្រាវជ្រាវ ផ្នែកវិជ្ជាសាស្ត្រ ជាពិសេស ក្រមសីលធម៌ឲ្យប្រកបដោយគុណភាព ប្រសិទ្ធភាព។

