ស្រ្តីជនរងគ្រោះពីកម្ចីអនឡាញម្នាក់បានដាក់ពាក្យប្ដឹងទៅសមត្ថកិច្ចដើម្បីស្នើសុំកិច្ចអន្តរាគមន៍ចាត់វិធានការផ្លូវច្បាប់កម្ចីអនឡាញចំនួន២២ក្រុម!

(ភ្នំពេញ)÷ កាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកឱ្យពលរដ្ឋកុំប្រើប្រាស់កម្ចីតាមប្រព័ន្ធអនឡាញខុសច្បាប់ ត្បិតវាអាចធ្វើឱ្យពលរដ្ឋវ័ណ្ឌកជាមួយបំណុលដោយសារអត្រាការប្រាក់ខ្ពស់ ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់ពលរដ្ឋកុំសងកម្ចី ដែលផ្តល់តាមប្រព័ន្ធអនឡាញខុសច្បាប់ទាំងនោះ ហើយបើមានការរករឿងណាមួយត្រូវប្តឹងទៅសមត្ថកិច្ច។

ទោះយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើឱ្យពលរដ្ឋបែងចែកឱ្យដាច់រវាងកម្ចីជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ និងកម្ចីជាលក្ខណៈឯកជន បុគ្គល និងបុគ្គល ដែលផ្ទុយពីកម្ចីខុសច្បាប់ផងដែរ។

ជុំវិញករណីរឿងកម្ចីអនឡាញនេះ យោងតាមប្រភពពីស្រ្តីរងគ្រោះសុំមិនបញ្ចេញឈ្មោះបានឲ្យអង្គភាពយើងដឹងថា,អំឡុងខែវិច្ចិកា ឆ្នាំ២០២៥ អាជីវកម្មរបស់គាត់មានការធ្លាក់ចុះចំណូលនាំឲ្យមានបញ្ហាសេដ្ឋកិច្ច ហើយខ្វះខាតថិវកាដើម្បីបង្ខិលអីវ៉ាន់ឲ្យអតិថិជន។

ស្របពេលដែលមានក្រុមកម្ចីអនឡាញបានធ្វើការទំនាក់ទំនងមកដោយប្រាប់ថា ជាកម្ចីស្របច្បាប់។

និងមានលក្ខខណ្ឌងាយៗមិនស្មុគស្មាញគ្រាន់តែតម្កល់ឯកសារដូចជា: អត្តសញ្ញាណប័ណ្ណ ,សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ និងរបាយការណ៍គណនីធានាគារ ហើយអ្នកខ្ចីត្រូវបង់ទាំងដើម និងការប្រាក់ជាប្រចាំថ្ងៃ ត្រឹមតែរយៈពេលខ្លី ខ្លួននឹងទទួលបានប្រាក់ភ្លាម។

ប្រភពស្រ្តីជនរងគ្រោះដដែលបានឲ្យដឹងទៀតថា,ដោយសារខ្លួនខ្វះការយល់ដឹងពិចារណាស្របពេលកំពុងខ្វះខាត និងចាញ់បោកការលួងលោម ឧបាយកលទុច្ចរិតបោកបញ្ឆោត ក៏បានសម្រេចចិត្តកម្ចីយកមកប្រើប្រាស់តែម្ដង។

ដោយប្រាក់ដែលគាត់ទទួលបានប្រាក់កម្ចីពីសវាកម្មកម្ចីអនឡាញបានត្រឹមតែពាក់កណ្ដាលនៃកម្ចីទាំងអស់ ក្រៅពីនោះសេវាកម្ចីអនឡាញបានធ្វើការកាត់ប្រាក់ ការប្រាក់សេវារដ្ឋបាល និងសេវារៀបចំឯកសារផ្សេងៗទៀត។

បន្ទាប់ពីខ្លួនបានខ្ចីបានមួយរយៈមិនមានលុយបង់ទៀងទាត់ជាប្រចាំ ក្រុមកម្ចីបានទំនាក់ទំនងមកគាត់ធ្វើការគំរាមកំហែង យករូបផ្សាយតាមបណ្ដាញសង្គម។

និងមកអុកឡុកដល់តូបអាជីវកម្មតែម្ដង ស្រាប់តែពេលនោះមានគណនីហ្វេសប៊ុកផ្ញើសារសួរនាំ និងខ្លះទំនាក់ទំនងប្រព័ន្ធតេលេក្រាមដើម្បីឲ្យគាត់ធ្វើការខ្ចីប្រាក់ដោះបំណុលទាំងនោះ។

ដោយមានការបារម្ភភ័យខ្លាចខ្លួនក៏បានកម្ចីអនឡាញជាបន្តបន្ទាប់រហូតចំនួន២២ក្រុមនៃសេវាកម្ចីអនឡាញ ដែលមានទឹកប្រាក់សរុបប្រមាណជិត៦ម៉ឺនដុល្លារ។

ស្រ្តីជនរងគ្រោះបានបញ្ជាក់បន្ថែមទៀតថា,បច្ចុប្បន្ននេះ ក្រុមកម្ចីទាំងចំនួន២២ក្រុម បានបន្តធ្វើការទាមទារប្រាក់ជារៀងរាល់ថ្ងៃ។

ហើយមានកម្ចីខ្លះខ្លួនបានបង់ទាំងដើមនិងការប្រាក់លើសចំនួនរួចទៅហើយ ប៉ុន្តែក្រុមកម្ចីទាំងនោះនៅតែមករករឿងដល់កន្លែងរកសុីលក់ដូរព្រមទាំងធ្វើការគំរាមកំហែងជំរិតទារប្រាក់។

ហើយបានយករូបភាពរបស់គាត់ទៅបង្ហោះតាមបណ្ដាញសង្គម ឬយករូបភាពគាត់ទៅខមិនចូលអតិថិជន មិត្តភ័ក្ដសាច់ញាតិរបស់ខ្លួន និងមានជនមិនស្គាល់អត្តសញ្ញាណជាច្រើនជិះម៉ូតូមកចតមុខផ្ទះក្រោមរូបភាពគំរាមកំហែង ទាំងយប់ ទាំងថ្ងៃ និងបានផ្ដិតរូបភាពដាក់នៅមុខផ្ទះថែមទៀតផង។

ខណៈខ្លួនលែងមានលទ្ធភាពបង់ឲ្យកម្ចីទាំងនោះ និងស៊ូទ្រាំពីការគំរាមកំហែងធ្វើទុក្ខបុកម្នេញលែងបាន ជាពិសេសបារម្ភភ័យខ្លាចពីសុខសុវត្តិភាពផ្ទាល់ខ្លួន និងមិនអាចចេញពីផ្ទះទៅបើកតូបមុខរបររកស៊ីលក់ដូរបាន ទើបនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះខ្លួនបានសម្រេចចិត្តដាក់ពាក្យប្ដឹងទៅសមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ សុំជួយធ្វើកិច្ចអន្តរាគមន៍ និងស្រាវជ្រាវស្វែងរកក្រុមកម្ចីអនឡាញ និងបក្សពួកទាំងនោះចាត់វិធានការតាមច្បាប់ ។

Leave a Reply

Your email address will not be published. Required fields are marked *