ផ្ទៃដីបឹងរទាំងជិត៧ហិកតា នៅស្រុកកៀនស្វាយ ត្រូវគេលក់ឱ្យឈ្មួញ ដោយយកពលរដ្ឋធ្វើជាខែល ក្នុងការឈរឈ្មោះលក់!

(កណ្ដាល)៖ លោក ផន ប៊ន អនុភូមិរទាំងនិងជាអ្នកគួកជេរដី បានបញ្ជាក់យ៉ាងច្បាស់ថា”ផ្ទៃដីបឹងរទាំង”មួយផ្នែកខាងកើតទំហំជិត៧ហិកតា ស្ថិតក្នុងភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ត្រូវបានលក់ឱ្យក្លាយជាកម្មសិទ្ធិឯកជនប្រាកដមែន។
ក្រោមការចាត់ចែងរៀបចំពីមន្ត្រីជំនាញភូមិបាលស្រុក.ដោយយកពលរដ្ឋមកធ្វើជាខែល(អាស្រ័យផល)ក្នុងការឈរឈ្មោះលក់តម្លៃ១៨ដុល្លារ ក្នុង១ម៉ែត្រការ៉េ។

បើតាមលោក ផន ប៊ន”ផ្ទៃដីបឹង”ត្រង់ចំណុចខាងលើ ត្រូវបានឧកញ៉ាម្នាក់ ចាប់ផ្ដើមប្រមូលទិញដំបូង កាលពីអំឡុងឆ្នាំ២០២១ និងបន្តបន្ទាប់ទៀត។
ប៉ុន្តែរហូតដល់សព្វថ្ងៃ មិនទាន់ប្រគល់លុយឱ្យពលរដ្ឋគ្រប់ចំនួននោះទេ ជាក់ស្តែង ទើបនិងប្រគល់ឱ្យពលរដ្ឋប្រមាណជា២០ទៅ៣០%ប៉ុណ្ណោះ នៃតម្លៃដីសរុប! បើទោះបីជាពលរដ្ឋ សួរនាំរឿងលុយបង្គ្រប់ក៏ដោយ។

ខណៈក្រុមហ៊ុនឧកញ៉ា លើកឡើងថា ចាំ(ប្លង់រឹង)ចេញសិន នឹងប្រគល់លុយឱ្យគ្រប់ចំនួន បច្ចុប្បន្នដីនេះ បានបិទប្រកាសរួចហើយ និងមានបង្កាន់ដៃ។

លោក ផន ប៊ន អះអាងថា រាល់ការទិញលក់”ដីបឹងរទាំង”១ផ្នែកទំហំជិត៧ហិកតានេះ គឺមានការឯកភាពត្រូវគ្នាជាប្រព័ន្ធតាំងពីរដ្ឋបាលឃុំ.ស្រុក.ជំនាន់លោក អ៊ូ ឈាង.ជាអភិបាលស្រុក ដោយមានការចាត់ចែងរៀបចំឯកសារពីមន្ត្រីភូមិបាលស្រុក.ទៀតផង.ហើយពលរដ្ឋដែលបានឈរឈ្មោះលក់ដីបឹង គឺជិត១០០គ្រួសារ ដែលមានកន្ទុយដីជាប់និងបឹងតែម្ដង។

ជាមួយគ្នានេះពលរដ្ឋបានប្រាប់”សារព័ត៌មាន”នៅថ្ងៃទី០៤.១១.២០២៥ថា”ផ្ទៃដីបឹងរទាំង”គឺរាងទ្រវែងលាតសន្ធឹង បណ្ដោយពីលិចទៅកើត ក្នុងភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ត្រូវគេឃុបឃិតគ្នា យកលក់ឱ្យឈ្មួញ អស់១ផ្នែកខាងកើតដោយស្ងាត់ៗ។

ជាក់ស្តែង មួយរយៈចុងក្រោយនេះ ស្រាប់តែលេចមុខលោក ផន ប៊ន អនុភូមិរទាំងនិងបក្ខពួក ក្រោមការរៀបចំពីអភិបាលរងស្រុកម្នាក់ បានមកបន្តកក់លុយឱ្យពលរដ្ឋ ដែលជាអ្នកឈរឈ្មោះលក់ដីបឹង ដើម្បីចាត់ចែងបំពេញនីតិវិធី ក្នុងការវាស់វែងជាប្រព័ន្ធ.ដោយមានក្បាលដី(៧៩៩)។

ម្ល៉ោះហើយ ទើបមន្ត្រីជំនាញធ្វើការវិនិច្ឆ័យនិងអង្កន់”ផ្ទៃដីបឹងរទាំង”ជា៤ទៅ៥កំណាត់។
ក្នុងនោះ ផ្នែកខ្លះរក្សាទុកជាដីបឹងដដែល.ខ្លះឆ្វៀលទុកធ្វើផ្លូវ.ខ្លះទុកជាផ្លូវទឹក.ខ្លះក្លាយជាកម្មសិទ្ធឯកជន។

ជាក់ស្តែង៖ ផ្ទៃដីបឹងរទាំង ដែលមានក្បាលដីលេខ(១២៦៦)(១៧៧៣)(១៧៣៥)(៧៩៩)និង(១៨០១) គឺជាដីបឹងសាធារណៈរបស់រដ្ឋសុទ្ធសាធ។

ពលរដ្ឋបន្តថា យុទ្ធសាស្ត្ររបស់ក្រុមលោក ផន ប៊ន គឺតម្រូវឱ្យពលរដ្ឋដែលមានកន្ទុយដីជាប់បឹង ជាអ្នកឈរឈ្មោះលក់ផ្ទាល់ ជ្រកក្រោមលេសថា”អាស្រ័យផល”ដោយមិនយកពលរដ្ឋពីឆ្ងាយមកទេ ព្រោះខ្លាចបែកការណ៍ និងកើតរឿងប្ដឹងផ្ដល់។

ខណៈដែលពលរដ្ឋខ្លះ មិនទាំងដឹងថា ដីដែលខ្លួនផ្ដិតមេដៃលក់នោះ មានប្រវែងប៉ុន្មានម៉ែត្រ ហើយមានទំហំប៉ុណ្ណានោះទេ។
ជាក់ស្តែង អ្នកខ្លះលក់៥ឆ្នាំហើយ មិនដឹងលុយនៅឯណា? ហើយក៏មិនដឹងថា បានលុយប៉ុន្មានដែរ..?។
ស្របពេលដែលពលរដ្ឋ អ្នកឈរឈ្មោះលក់ មិនហ៊ានតវ៉ាទាមទារអ្វីតឹងតែងឡើយ ព្រោះជាដីបឹង មិនមែនជាដីរបស់ខ្លួន.ហើយការលក់នេះ គឺតាមការរៀបចំរបស់អាជ្ញាធរប៉ុណ្ណោះ។

ជុំវិញរឿងនេះលោក ឡាង ថុល មេភូមិរទាំងត្បូង បានថ្លែងប្រាប់”សារព័ត៌មាន”ថា ពិតជាមានការលក់ដីបឹង ប្រាកដមែន។
ក្នុងនោះដែរនៅថ្ងៃទី០៤.១១.២០២៥”សារព័ត៌មាន”បានព្យាយាមសុំការបំភ្លឺពីលោក មាន ណាត មេឃុំភូមិធំ ប៉ុន្តែទូរស័ព្ទចូលហើយ លោកចុចបិទ។

រីឯលោក អ៊ូ ឈាង អតីតអភិបាលស្រុក.បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាស្រុកកៀនស្វាយ បានថ្លែងទទួលស្គាល់ថា ផ្ទៃដីបឹងត្រង់ចំណុចខាងលើ គឺមានការទិញលក់ប្រាកដមែន។
ប៉ុន្តែបច្ចុប្បន្ន លោកបានចូលនិវត្តន៍ហើយ រូបលោកក៏មិនដឹងថា ដីទាំងនោះគេចាត់ចែងទៅខាងណាដែរ។

ចំណែកលោក ឡូវ សុខសាន អភិបាលស្រុកកៀនស្វាយ ទូរស័ព្ទចូលហើយ លោកមិនទទួល។

ចំពោះលោក កេត ផល ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលស្រុកកៀនស្វាយ បានថ្លែងថា រាល់ការទិញលក់ដីបឹងជារឿងរបស់ពលរដ្ឋ កុំបន្ទោសជំនាញ។
-ចំពោះសំណួរថា តើក្បាលដីលេខ(១៨០១)ឮថាជាកម្មសិទ្ធិឯកជននោះម៉េចវិញ..??។
-ត្រង់ចំណុចនេះលោក កេត ផល បានឆ្លើយថា យើងកាត់ឆ្វៀលដីចុះបញ្ជី គឺមើលតាមស្ថានភាពជាក់ស្ដែង។
ក្នុងនោះ ប្រសិនបើយកទៅតាមអនុក្រឹត្យនៃផ្ទៃបឹងវិញ គឺអស់ដីពលរដ្ឋហើយ។

លោក ប្រាក់ ឡាក់ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្ដាល ទូរស័ព្ទចូលហើយ លោកមិនទទួល។

ក្នុងនោះលោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តកណ្ដាល បានថ្លែងថា ខ្ញុំរវល់នៅសាំងហ្គាពួរ មិនអាចបកស្រាយបានទេ រួចក៏ចុចបិទទូរស័ព្ទ។

ដោយឡែក អ្នកនាំពាក្យសាលាខេត្តកណ្ដាល ទាំងលោក ជី ស៊ីវុត្ថា នាយករដ្ឋបាល រួមនិងលោក ឌឹម បូរ៉ា អភិបាលរងខេត្ត គឺទូរស័ព្ទខលមិនចូលឡើយ។

តាមរយៈសារព័ត៌មាន””ពលរដ្ឋសុំស្នើយ៉ាងទទូចដល់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាបើកការស្រាវជ្រាវ វែកមុខអ្នកពាក់ព័ន្ធក្នុងការរៀបចំលក់ដីបឹង និងកាត់ឆ្វៀលដីបឹងឱ្យក្លាយជាកម្មសិទ្ធិឯកជន យកមកផ្ដន្ទាទោសតាមច្បាប់! ដើម្បីអភិរក្សធនធានធម្មជាតិផ្ទៃដីបឹងរទាំង ទុកជាសម្បត្តិរដ្ឋដដែល សម្រាប់ពួកគាត់អាស្រ័យផលនេសាទ តកូនតចៅ៕

(ប្រភពដើមរាំង)

Leave a Reply

Your email address will not be published. Required fields are marked *