ភ្នំពេញ: របាយការណ៍ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា ប្រតិបតិ្តការអាជីវកម្មរបស់កំពង់ផែរដ្ឋទាំងពីរ គឺកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និងកំពង់ផែស្វយ័តភ្នំពេញ (PPAP) ត្រូវបានរាយការណ៍ពីប្រាក់ចំណូលដែលមិនធ្វើសវនកម្ម មានការកើនសរុបដល់ជាង ២០០លានដុល្លារអាម៉េរិក។ ក្នុងនោះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានប្រាក់ចំណូលដែលមិនទាន់ធ្វើសវនកម្មចំនួន ១៥១ លានដុល្លារអាម៉េរិក និងប្រតិបតិ្តការអាជីវកម្ម កំពង់ផែស្វយ័តភ្នំពេញ ទទួលបានប្រាក់ចំណូលដែលមិនទាន់បានធ្វើសវនកម្មចំនួន ៥៣,៣ លានដុល្លារអាម៉េរិក។

របាយការណ៍ដដែលបង្ហាញទៀតថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលជាកំពង់ផែធំជាងគេរបស់កម្ពុជា មានចរាចរណ៍កុងតឺន័រសរុប ១,៣៤ លាន TEU កើនឡើង ៣០,៥ ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ដែលមាន ១,០៣ លាន TEU ហើយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានចរាចរណ៍ទំនិញកុងតឺន័រចំនួន ១២,៣ លានតោន កាលពីឆ្នាំទៅ កើនឡើង ២៥ ភាគរយ។
ដោយឡែក ប្រតិបត្តិការអាជីវកម្មឆ្នាំ ២០២៥ របស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានប្រាក់ចំណូលដែលមិនទាន់ធ្វើសវនកម្មចំនួន ១៥១ លានដុល្លារអាម៉េរិក កើនឡើង ៣៥ ភាគរយ បើធៀបនឹងឆ្នាំមុន ដែលមានចំនួន១១២លានដុល្លារអាម៉េរិក។
ចំពោះ កំពង់ផែស្វយ័តភ្នំពេញ (PPAP) ដែលជាកំពង់ផែទន្លេធំជាងគេ មានចរាចរណ៍កុងតឺន័រចំនួន ៦០០,០២៣ TEUs កើនឡើង ២៥ ភាគរយ ពី ៤៨០,២០០ TEUs ក្នុងឆ្នាំ ២០២៤។
កំពង់ផែស្វយ័តភ្នំពេញ ក៏បង្ហាញពីចរាចរណ៍ទំនិញកុងតឺន័រចំនួន ៥,៦ លានតោន កាលពីឆ្នាំមុន កើនឡើង ១៥,៥ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤។ រីឯប្រតិបតិ្តការអាជីវកម្ម កំពង់ផែស្វយ័តភ្នំពេញ ទទួលបានប្រាក់ចំណូលដែលមិនទាន់បានធ្វើសវនកម្មចំនួន ៥៣,៣ លានដុល្លារអាម៉េរិក កើនឡើង ២១ ភាគរយពី ៤៣ លានដុល្លារអាម៉េរិក កាលពីឆ្នាំ២០២៤។
ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី អនុប្រធានសមាគមភស្ដុភារកម្មកម្ពុជា លើកឡើងថា ទាក់ទងការដឹកជញ្ជូនក្នុងឆ្នាំ២០២៥ ទោះបីកម្ពុជាជួបបញ្ហានៃការដំឡើងអត្រាពន្ធបដិការពីសហរដ្ឋអាមេរិក និងជម្លោះព្រំដែនដែលបង្កដោយភាគីថៃ និងមានការបិទខ្ទប់រវាងប្រទេសទាំងពីរ ក៏សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក នៅតែបន្តងើបឡើងយ៉ាងល្អប្រសើរ បានគាំទ្រដល់វិស័យដឹកជញ្ជូន នៅក្នុងប្រតិបត្តិការអាជីវកម្មដំណើរការប្រកបដោយរលូន។

ឧកញ៉ាបណ្ឌិត សង្ឃឹមថា ក្នុងឆ្នាំ២០២៦នេះ វិស័យដឹកជញ្ជូននឹងបន្តក្នុងប្រតិបត្តិការសេវាដឹកជញ្ជូនល្អប្រសើរ ជាពិសេសការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវអាកាស បន្ទាប់ពីកម្ពុជាបានបើកជាផ្លូវការ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ, ជាពិសេស ការទទួលលំហូរវិនិយោគនៅឆ្នាំ២០២៥ មកបង្កើតរោងចក្រ សហគ្រាសក្នុងស្រុក គឺជាការជួយគាំទ្រដល់ការរីកលូតលាស់ក្នុងខ្សែ ច្រវាក់ផលិតកម្ម ដែលនឹងរុញច្រាន់ដល់សេវានៃការដឹកជញ្ជូនអាចមានភាពកាន់តែសកម្ម ដើម្បីរួមចំណែកដល់ចលនាការនៃចន្ទល់ សេដ្ឋកិច្ចជាតិ។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ថា ដើម្បីធានាថា ការដឹកជញ្ជូនតាមផ្លូវទឹកត្រូវបានតភ្ជាប់ទៅនឹងការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវដែក តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីគាំទ្រ និងបង្កើនប្រសិទ្ធភាព និងការប្រកួតប្រជែងនៃវិស័យដឹកជញ្ជូន និងភស្តុភារកម្ម៕

